សម្តេចតេជោ សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ក្នុងថ្ងៃបុណ្យវិសាខបូជា!

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃបុណ្យវិសាខបូជា។ សម្តេច បានបន្ថែមទៀតថា មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
សម្តេច សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។