កម្ពុជា នៅតែ​សង្ឃឹម​បើទោះជា​តួលេខ ក្នុង​ពិភពលោកក៏ដូចជា​កម្ពុជា បង្ហាញ​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ដ៏​អាក្រក់​ក៏ដោយ​

ភ្នំពេញ​៖ អ្នកស្រី លី អៃ​ឡាន តំណាង​អង្គការ​សុខភាព​ពិ​លោក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា កម្ពុជា​នៅតែ​សង្ឃឹម បើទោះជា​តួលេខ​ក្នុង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​បង្ហាញ​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ដ៏​អាក្រក់​ក៏ដោយ​។

​លោកស្រី បាន​ឲ្យ​ដឹង​ទៀតថា នៅ​ទូទាំង​សកលលោក​ចំនួន​ករណី​វិជ្ជមាន​វិ​រុស​កូ​វីដ​១៩​ថ្មី ក្នុង​មួយ​សប្តាហ៍​បាន​កើនឡើង​ជិត​ទ្វេដង​ក្នុង​រយៈពេល​ពីរ​ខែ​កន្ល​ង​មកនេះ ដែល​នេះ​កំពុង​ឈានដល់​អត្រា​ឆ្លង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​កន្លងមក​។ ខណៈ​នេះ​នៅ​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នូវ​ករណី​ឆ្លង​ថ្មី​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ ដោយ​ក្នុងនោះ​រយៈពេល​៧​ថ្ងៃ​ចុង​ក្រោយនេះ ចំនួន​ករណី​វិជ្ជមាន​វិ​រុស​កូ​វីដ​១៩​ថ្មី មាន​ចន្លោះ​ពី ២៩១ ទៅ​៦៥៥​នាក់ ក្នុង​មួយថ្ងៃ​។​

​លោកស្រី​បាន​បន្ថែម យើង​ដឹងថា មិនទាន់​យឺត​ពេល​បង្វែរ​ស្ថាន​ការឱ្យ​ប្រសើរ​ឡើងវិញ​បាន​។ យើង​នៅតែមាន​សង្ឃឹម​ជានិច្ច ដរាបណា​កម្ពុជា​រួមគ្នា​ជា​ធ្លុង​មួយ ជា​ប្រជាជាតិ​មួយ ជា​សង្គម​មួយ ដែល​ប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដោយ​សាមគ្គីភាព​។​

​ជំងឺ​កូ​វីដ​១៩ មិនមែនជា​វិបត្តិ​សុខភាព​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ផងដែរ​។ ហើយ​គោលដៅ​នៃ​វិធានការ​ឆ្លើយតប គឺ​មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​ផ្នែក​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ត្រូវការពារ​អនាគត​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ​។ ប្រសិនបើ​យើង​គ្រប់​គ្រង់​ស្ថាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​មិន​បានទេ នោះ​វា​នឹងមាន​ផលវិបាក​ផ្នែក​សុខភាព​ក៏ដូចជា​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close