ឡាវ និង​ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្ពស់​

​សារព័ត៌មាន ស៊ីន​ហួរ​នៅ​ថ្ងៃទី​២៦​ខែមេសា​បាន​ផ្សាយ​ថា ក្រសួងសុខាភិបាល​ឡាវ​បានប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា អ្នក​ឆ្លង​ជំងឺ COVID-19 សរុប ១១៣​នាក់​ទៀត ត្រូវបាន​រកឃើញ​នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ និង​ជា​លើក​ដំំ​បូ​ង​បំផុត​សម្រាប់​ឡាវ ដែលមាន​ករណី​ឆ្លង​ឈាន​ចូលដល់​ខ្ទង់ រាប់រយ​ករណី​នៅក្នុង​មួយថ្ងៃ​បែបនេះ​។​

​មន្ត្រី​ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់ នៅ​ថ្ងៃ​ចន្ទ​នេះ​ទៀតថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំង ១១៣​នាក់​នោះ ៥៤​នាក់​ត្រូវបាន​រាយការណ៍​ចេញពី​ខេត្ត​ចម្ប៉ា​សាក់ (​ភាគខាងត្បូង​ប្រទេស​), ៣១​នាក់​នៅ​ទីក្រុង​វៀង​ច័ន្ទ​, ១៣​នាក់​នៅ​ខេត្ត​សុ​វណ្ណា​កេ​ត​, ០៧​នាក់​នៅ​ខេត្ត​បូ​កែវ​, ០២​នាក់​នៅ​ខេត្ត ឧ​ត្ត​ម​សាយ​, ០២​នាក់​នៅ​ខេត្ត ផុត​សាលី និង ០១​ករណី​រៀងៗ​ខ្លួន​រកឃើញ​នៅ ខេត្ត​សេកុង​, សា​យ៉ា​បួ​រី​, ទីក្រុង​ល្ហួ​ង​ប្រា​បាង និង​ខេត្ត​វៀង​ច័ន្ទ​​។​

​គួរ​បញ្ជាក់ថា ប្រទេស​ឡាវ​បាន​មើល​ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើន​ជា​លំដាប់ គិត​ចាប់​តាំងពីដើម​សប្តាហ៍​មុន​មកម្ល៉េះ ដោយ​រលក​ថ្មី​នេះ​បាន​ផ្ទុះ​ចេញ ពី​ករណី​នាំចូល​មកពី​ក្រៅប្រទេស​។ គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ឡាវ​មាន​ករណី​ឆ្លង COVID-19 សរុប ៤៣៦​ករណី ក្នុងនោះ​ពុំមាន​ករណី​ស្លាប់​នោះឡើយ​។​ ​

ចំណែក​នៅក្នុង​ប្រទេស​ថៃ​វិញ នៅ​ថ្ងៃ​ចន្ទ​នេះ អាជ្ញាធរ​ថៃ​បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ COVID-19 ចំនួន ២,០៤៨​នាក់ ហើយក៏​មាន អ្នកជំងឺ​០៨​នាក់​ថែមទៀត ទើបតែ​ស្លាប់​ផងដែរ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ ទីក្រុង​បាងកក​មានការ​រកឃើញ​ច្រើនជាងគេ ចំនួន​៩០១​ករណី ហើយ​តំបន់​បន្ទាប់​ទៀត ដែល​រកឃើញ​ករណី​ឆ្លង​ច្រើនៗ រួម​មាននៅ​ខេត្ត Samut Prakan ដែលមាន​១១០​ករណី​, ខេត្ត Chonburi ដែលមាន​១០៤​ករណី​, ខេត្ត Nonthaburi ដែលមាន​៩៧​ករណី និង​ខេត្ត Chiang Mai ដែលមាន​៨៤​ករណី ហើយក៏​មាន​ករណី​ឆ្លង​នាំចូល​ពី​ក្រៅប្រទេស​ចំនួន​១០​ករណី​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close