ក្រសួង​ណែនាំ​ឱ្យ​មូលដ្ឋាន​សេវាកម្ម​ទេសចរណ៍ ២​ប្រភេទ ពង្រឹង​ការអនុវត្ត​វិធានការ​ខ្លាំង​ជាង​មុន ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ មូលដ្ឋាន​សេវាកម្ម​ទេសចរណ៍​សំខាន់ៗ ២​ប្រភេទ មាន​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ត្រូវបាន​ក្រសួងទេសចរណ៍ ដាក់​ការណែនាំ​ឱ្យ​ពង្រឹង​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាង​មុន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក៏ដូចជា​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍ ២០ កុម្ភៈ​។​

​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទន្ទឹមនឹង​ការសម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស ដែល​រាជរដ្ឋាភិបាល​បានសម្រេច​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ រួចហើយនោះ សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ដែលជា​សេវាកម្ម​គាំទ្រ​សំខាន់​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ក៏ដូចជា​សាធារណជន​ទូទៅ​នោះ នឹងមាន​តម្រូវការ​ក្នុង​ប្រតិបត្តិការ​ឡើងវិញ​។​

​ដូច្នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​កើតមាន​ជាយថាហេតុ​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ នៅតាម​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស ក្រសួងទេសចរណ៍​បាន​ណែនាំ​នូវ​ចំណុច​សំខាន់ ២​ចំណុច រួមមាន​៖ ​ទី​១ គឺ​ចំពោះ​គោលដៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល និង​ទី​២ គឺ​ចំពោះ​គោលដៅ​ផ្សេងទៀត​នៃ​ខេត្តកណ្តាល​ក្រៅពី​ក្រុង​តាខ្មៅ និង​ខេត្ត​ផ្សេងទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close