នាយករដ្ឋមន្ត្រី​ថៃ រង​ការពិន័យ​ពីបទ​«​ល្មើស​លើ​វិធានការ​ពាក់​ម៉ាស​» របស់​សាលាក្រុង​

​សារព័ត៌មាន Bangkok Post នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែមេសា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៦,០០០​បាត ពីបទ​មិនបាន​ពាក់​ម៉ាស​ក្នុងពេល​ប្រជុំ​ជាមួយ​ទីប្រឹក្សា​លទ្ធកម្ម​វ៉ាក់សាំង​របស់លោក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​

​អាជ្ញាធរ​ក្រុង​បាងកក​បានដាក់​កាតព្វកិច្ច​ពាក់​ម៉ាស​លើ​ប្រជាជន​គ្រប់រូប ដោយ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​។ ពួកគេ​បាន​បញ្ជាក់ថា ពាក់​ម៉ា​សគឺ​ចាំបាច់ ទោះបី​នៅក្នុង​រថយន្ត​ដែលមាន​មនុស្ស​ជិះ​ត្រឹម​ម្នាក់​ក៏ដោយ​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អភិបាលក្រុង​បាងកក​លោក Assawin Kwangmuang បានសរសេរថា លោក​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​នាយករដ្ឋមន្ត្រី​ទៅ​ប៉ូលីស នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។​

​សាលាក្រុង​បាន​អនុវត្ត​ពាក្យបណ្តឹង​ទៅជា​សកម្មភាព​ជាក់ស្តែង បន្ទាប់ពី​បណ្តាញ​សង្គម​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​កបាន​ផ្ទុះ​ការរិះគន់​លោកនាយក​រដ្ឋមន្ត្រី​កាន់តែខ្លាំង​។ នៅក្នុង​រូបភាព​ដែល​បាន​ចែកចាយ​ពាល​ពេញ​ប​ញ្តា​ញ​សង្គម គេ​ឃើញ​លោក ប្រា​យុទ្ធ កំពុង​អង្គុយ​ទល់​ក្រុមមន្ត្រី​នៅ​ក្បាល​តុ​ប្រជុំ​នា​វេលា​ម៉ោង​ប្រហែល ១១​ព្រឹក ដោយ​មិនមាន​ពាក់​ម៉ាស ខណៈពេលដែល​អ្នកផ្សេង​ទៀត​ពាក់​ម៉ាស​ទាំងអស់គ្នា​។​

​នាពេល​រសៀល​ថ្ងៃ​ដដែល​នេះ លោក Asawen Kwangmuang បាន​សរសេរ​នៅលើ​ទំព័រ​របស់​ហ្វេ​ស​ប៊ុ​ក​ទៀតថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បានស្នើ​សុំឱ្យ​លោក​ពិនិត្យ​មើលថា តើ​គាត់​បានធ្វើ​ខុស​ដែរឬទេ​។ «​ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា លោក​បាន​រំលោភ​សេចក្តីប្រកាស​រដ្ឋបាល​ក្រុង​បាងកក​ដែល តម្រូវ​ឲ្យ​មនុស្ស​គ្រប់គ្នា​នៅ​ទីក្រុង​ពាក់​ម៉ាស​គ្រប់ពេលវេលា ទាំង​ក្នុង​និង​ក្រៅ​គេហដ្ឋាន​របស់​ពួកគេ​។ លទ្ធផល នៃ​ការរំលោភបំពាន​នេះ​នឹងត្រូវ​ពិន័យ​រហូតដល់ ២០,០០០​បាត ក្រោម​ផ្នែក​ទី​៥១ នៃ​ច្បាប់​គ្រប់គ្រង​ជំងឺ​រាតត្បាត​ឆ្នាំ ២០១៥​។​

​ប៉ុន្តែ​ដោយសារតែ​នេះ​ជា​ករណី​ទី​១ អាជ្ញាធរ​សម្រេច​ផាកពិន័យ​ក្នុង​កម្រិត​ស្រាល​បំផុត​ដូចដែល​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​ស្តីពី​ការផាកពិន័យ ដែល​តម្រូវ​ឲ្យ​លោក ប្រយុទ្ធ ចាន់​អូ​ចា បង់ប្រាក់​ពិន័យ​ត្រឹមតែ ៦,០០០​បាត​។ ដោយឡែក​សម្រាប់​ករណី​ទី​២ នឹងត្រូវ​ផាកពិន័យ ១២,០០០​បាត និង​ករណី​ទី​៣ និង​បន្តបន្ទាប់​ទៀត​នឹងត្រូវ​ផាកពិន័យ ២០,០០០​បាត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close