រដ្ឋបាល​ខេត្តសៀមរាប បើក​ការចេញ​-​ចូល​ទីតាំង​អាជីវ​កម្មដ្ឋាន និង​ផ្ទះ​ចំនួន ១៧​កន្លែង​

​ខេត្តសៀមរាប​៖ នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​ជូនដំណឹង​ថា ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ឈ្មោះ អ៊ឹង ខៃ​លី ភេទ​ប្រុស មុខរបរ​អ្នកលក់​គ្រឿងក្រអូប នៅ​ផ្សារ​ក្រោម រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​សម្រេច​បិទ​ទីតាំង​អាជីវ​កម្មដ្ឋាន និង​ផ្ទះ ចំនួន​១៧​។​

​ក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រុមការងារ​ជំនាញ បានធ្វើ​ឲ្យ​ករណីនេះ​បាន​វិល​ទៅរក​ភាពប្រក្រតី និង​ស្ថិតក្រោម​ការគ្រប់គ្រង ដូចនេះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត សម្រេច​បើក​ការចេញ​-​ចូល ឬ​ដំណើរការ​ឡើងវិញ​ទីតាំង​អាជីវ​កម្មដ្ឋាន និង​ផ្ទះ ចំនួន​១៧ ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប​។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ត្រូវ​ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច ចុះ​អនុវត្ត​ប្រកាស​បើក​ដំណើការ​ទីតាំង​ពាក់ព័ន្ធ​ដូច​មាន​តារាង​ជូន​ភ្ជាប់​។​

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣ ការពារ (​ត្រូវ​ពាក់​ម៉ាស់ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​សង្គម​) ៣​កុំ (​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​-​ចូល កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close