ថៃ៖ កូវីដ១៩ បានសម្លាប់មនុស្ស ១៥នាក់ ក្នុងមួយថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាន
ក្រៅពីអ្នកឆ្លងជាង២០០០នាក់ ក្នុងមួយថ្ងៃៗ ពេលនេះថៃ ប្រឈមនឹងការស្លាប់ខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការផ្ទុះកូវីដ១៩ រហូតមកទល់ពេលនេះ គឺមានរហូតដល់១៥នាក់ក្នុងមួយថ្ងៃ។
សារព័ត៌មានថៃ The Nation នៅថ្ងៃទី២៧ខែមេសាបានផ្សាយថា អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 រហូតដល់ ១៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាចំនួនករណីស្លាប់ច្រើនបំផុត មិនធ្លាប់មាននោះឡើយ។
CCSA បានគូសបញ្ជាក់ទៀតថា នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកឆ្លងជំងឺ COVID-19 សរុប ២,១៧៩នាក់ទៀតក៏ត្រូវបានរកឃើញផងដែរ ក្នុងនោះ ២,១៤៩នាក់ជាករណីឆ្លងក្នុងស្រុក និង ២៥នាក់ទៀតជាករណីនាំចូលមកពីក្រៅប្រទេស។ ទីក្រុងបាងកក, ខេត្តឈៀងម៉ៃ, ខេត្តឈុនបុរី និងសាមុតប្រាកាន នៅតែតំបន់ដែលកំពុងរងការវាយលុក ខ្លាំងក្លាជាងគេដោយសារ COVID-19 នៅក្នុងប្រទេសថៃ។
គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 នៅថៃកើនដល់ជិត ៦០,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៦៣នាក់ និងជះស្បើយឡើងវិញជិត ៣២,០០០នាក់។ បើតាម CCSA ពេលនេះអ្នកជំងឺ COVID-19 កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ បានកើនឡើងដល់ជិត ២៦,០០០នាក់ ក្នុងនោះ ១៦៩នាក់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយមានបំពាក់ឧបករណ៍ជំនួយការដកដង្ហើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។