អភិបាលខេត្ត​មណ្ឌលគិរី ត្រៀម​ទីតាំង​រួចជាស្រេច សម្រាប់​សាងសង់​កន្លែង​បូជាសព និង​កន្លែង​បញ្ចុះសព ករណី​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩

​ខេត្តមណ្ឌលគិរី​៖ កាលពី​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ត្រៀម​បម្រុង​រួចជាស្រេច នូវ​ទីតាំង​ដី​សម្រាប់​សាងសង់​កន្លែង​បូជាសព ឬ​ឈាបនដ្ឋាន កន្លែង​បញ្ចុះសព សម្រាប់​អ្នក​ដែល​បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វីដ​-១៩ មាន​ទំហំ​ផ្ទៃដី​ចាប់ពី​៣-៥​ហិកតា ស្ថិតនៅ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ទូច រស្មី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា ទីតាំង​ដែល​អាជ្ញាធរ​ត្រៀម​សម្រាប់​បញ្ចុះសព និង​បូជាសព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​ពីរ ទីតាំង ដែល​មួយ​ត្រូវ​សាងសង់ឡើង​នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ និង​មួយកន្លែង​ទៀត​នៅ​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។​

​លោក ទូច រស្មី បន្តថា ការសាងសង់​ឈាបនដ្ឋាន​នេះ ក្រុមការងារ បាន​សម្រេចយក​ទីតាំង​ដែលមាន​សុវត្ថិភាព នៅ​ឆ្ងាយ​ពី​ទីប្រជុំ និង​មាន​ទីធ្លា​ធំ​ទូលាយ ដែល​នេះ​ជាការ​គិតគូរ​ទុកជាមុន ជៀសវាង​ពី​ហានិភ័យ​នានា​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៧ មេសា ២០២១ នៅ​ទូទាំង​ខេត្តមណ្ឌលគិរី មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន ០៣​នាក់ ដែល​បាន​ឆ្លង​ព្រឹ​ត្តឹ​ការណ៍​សហគមន៍ ២០​កុម្ភៈ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ ​ក្រៅពី​អ្នកជំងឺ​ទាំងបី​នាក់ ចំណុច​លំនៅឋាន​របស់​ពួកគាត់ អាជ្ញាធរ​បាន​បិទ​ខ្ទប់​ជា​ប៉ុណ្ណោះ​អាសន្ន ដែលមាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ដែល​ត្រូវ​បិទ​ខ្ទប់​ចំនួន​៣៥​គ្រួសារ​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close