ឯកឧត្តម គួច ចំរើន ក្រើនរម្លឹក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ត្រូវ​ទៅយក​សំណាក​ឱ្យបាន​លឿន​ជាទីបំផុត

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ក្រើនរម្លឹក និង​អំពាវនាវ​ជូន​សាធារណជន​ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ជ្រាបថា ប្រសិនបើ​សាធារណៈជន​មានការ​សង្ស័យ ឬ​មានការ​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកមាន​ផ្ទុក​វីរុស​កូ​វីដ​-១៩ ត្រូវ​ទៅយក​សំណាក​ឱ្យបាន​លឿន​ជាទីបំផុត នៅតាម​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បាន​ជូនដំណឹង​កន្លងមក ម្យ៉ាង​ការយក​សំណាក​នេះ​គឺ​ដើម្បី​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា ហើយ​វា​ជា​វិធានការណ៍​មួយ​ដ៏​ល្អ​សម្រាប់​ខ្លួន​យើង ក្រុមគ្រួសារ និង​សង្គមជាតិ​របស់​យើង​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា​ការធ្វេសប្រហែស ការ​បណ្តែតបណ្តោយ ឬ​ការភ័យខ្លាច​វា​ជាដើម​ចម​មួយ ដែល​ធ្វើឱ្យ​ខ្លួន​យើង ក្រុមគ្រួសារ​យើង ជួប​ហានិភ័យ​ធ្ងន់ធ្ងរ រហូត​បាត់បង់​អាយុជីវិត​ថែមទៀត​ផង យ៉ាងណា​ម៉ិ​ញ​នៅ​ខេត្ត​ព្រះសីហនុ​របស់​យើង​មាន​មនុស្ស​ប្រុស​-​ស្រី​ចំនួន ៥​នាក់​ហើយ ដែល​បាន​បាត់បង់​អាយុជីវិត​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ កើតឡើង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភ​:​។ ហើយ​មូល​ហេតុដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់​នេះ គឺ​បណ្តាលមកពី​កត្តា​ធំៗ​ពីរ ទី​១.​ការធ្វេសប្រហែស​មិន​ព្រម​ទៅយក​សំណាក​វិភាគ​រក​មេរោគ​កូ​វូដ​-១៩ និង​ទី​២.​ការតក់ស្លុត នៅពេល​ដឹងថា​ខ្លួន​មាន​វីរុស​កូ​វីដ​-១៩​។

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​បន្ថែមទៀត​ថា នៅពេល​យើង​មានការ​សង្ស័យ​នូវ​អាការ​:​ណាមួយ ឬ​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវ​ទៅយក​សំណាក​វិភាគ​រក​មេរោគ​កូ​វីដ និង​ប្រឹក្សា​យោបល់​ជាមួយ​ក្រុមគ្រូពេទ្យ​ភ្លាម អ្នកជំងឺ​ទាំងអស់​នឹង​ព្យាបាល​ជាសះស្បើយ​១០០​ភាគរយ​។ ប្រសិនបើ​យើង​ទុក​ដល់ពេល​វីរុស​កូ​វីដ​-១៩ វាយលុក​ធ្ងន់ធ្ងរ ទើប​យើង​ចូល​ពេទ្យ វា​ពិបាក​ក្នុងការ​ព្យាបាល ហើយ​មាន​ហានិភ័យ​ដល់​អាយុជីវិត​ខ្ពស់បំផុត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close