រាជ​រដ្ឋាភិបាល​គ្រោង​នឹង​អនុញ្ញា​តិ​ឲ្យ​ពលរដ្ឋ​អាច​ជិះ​រថ​ភ្លើង និង​រថយន្ត​ក្រុង​ឥត​គិត​ថ្លៃ ក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ​ចំនួន​២

ក្នុង​ពិធី​ជួប​សំណេះសំណាលជា​មួយ​បងប្អូន​កម្មករ​-​កម្មការិនី ប្រមាណ​ជាង​១​ម៉ឺន​នាក់​កាលពី​ព្រឹក​មិញ​នៅ​ខណ្ឌពោធិ៍​សែន​ជ័យ​, សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ថ្លែង​ថា សម្តេច​គ្រោង​នឹង​អនុញ្ញា​ត​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង ក៏​ដូចជា​រថយន្ត​ក្រុង​ដោយ​ឥត​គិត​ថ្លៃ នៅ​រៀង​រាល់​ពិធី​បុណ្យ​ជាតិ​ចំនួន​២ គឺ​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

សម្តេច​​បញ្ជា​ក់​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ពិភាក្សា​ពីរឿង​មិន​យក​ថ្លៃ​ធ្វើ​ដំណើរ​ពី​ប្រជា​ពលរដ្ឋ​​ខ្មែរ ជា​មួយ​នឹង​ក្រុម​ហ៊ុន​បម្រើ​ការ​ផ្លូវ​ដែក Royal Railway និង​ក្រុម​ហ៊ុន​រថយន្ត​ក្រុង​សាធារណៈ។ ដោយ​សម្ដេច​បាន​​បញ្ជា​ក់​បន្ថែម​ថា ផ្លូវ​រថ​ភ្លើង និង​ឡាន​ក្រុង របស់​រដ្ឋ មិន​ត្រូវ​យក​លុយ​រៀង​រាល់​ពេល​ចូល​ឆ្នាំ និង​ភ្ជុំបិណ្ឌ ។ ដែល​ធ្វើ​ដូច្នេះ បើ​តាម​សម្ដេច ម្ចាស់​រថយន្ត ដែល​ធ្លាប់​ដំ​ឡើង​ថ្លៃ នឹង​មិន​អាចដំ​ឡើង​ថ្លៃ​បាន​នោះ​ទេ ។

ព្រម​ជា​មួយ​គ្នា​នេះ​ដែរ សម្តេច​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​ស្នើ​ឲ្យ​លោក ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ហ៊ុន Royal Group កុំយក​លុយ​ពី​ប្រជា​ពលរដ្ឋ​​ដែល​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​ពី ភ្នំពេញ​-​ព្រះ​សីហនុ ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ ក្នុង​រយៈ​ពេល ៣​ឬ​៤​ថ្ងៃ នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ។

គួរ​​បញ្ជា​ក់​ដែរ​ថា នៅ​ក្នុង​ពិធី​សម្ពោធចំណតកាណូត​ដឹក​អ្នក​ដំណើរ​នៅ​ខណ្ឌ​ឬ​ស្សីកែវ​កាលពី​ថ្ងៃ​ទី០១ ខែ​សីហា ម្សិលមិញ សម្តេច​តេជោ ក៏​បាន​ប្រកាស​ដែរ​ថា បងប្អូន​ប្រជា​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​កាណូតពី​ភ្នំពេញ​​ទៅ​តា​ខ្មៅ និង​តាម​រថ​ភ្លើង ពី​ភ្នំពេញ​ ទៅ​កាន់​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ពេល​នេះ រហូត​ដល់​ដំណាច់ឆ្នាំ​២០១៨។ សម្តេច​បាន​​បញ្ជា​ក់​ថា ការ​មិន​យក​ថ្លៃ​ទៅ​លើការ​ជិះ​កាណូត និង​រថ​ភ្លើង​នេះ គឺ​ដើម្បី​ជាការ​អបអរ​ដល់​ជោគ​ជ័យ​​សេដ្ឋកិច្ច​សង្គម និង​នយោបាយ​របស់​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close