រដ្ឋបាល​ខេត្តសៀមរាប បិទ​ខ្ទប់​តំបន់​មួយចំនួន មុខ​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​បរិវេណ​ជុំវិញ​ផ្សារកណ្តាល ក្រោយ​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ២០​កុម្ភៈ​នេះ ខេត្តសៀមរាប បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ១​នាក់ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ លើ​ឈ្មោះ ស៊ា​ង គឹម​សាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ឈ្មោះ ស៊ា​ង គឹម​សាន នេះ​បាន​បានធ្វើ​ដំណើរ​មកជា​មួយ​សមាជិកគ្រួសារ​៣​រូប រួមមាន​៖ ១. លោក លី ចាន់ថា ត្រូវជា​ប្អូនថ្លៃ បាន​ជូន​លោក ស៊ា​ង គឹម​សាន មកដល់​មន្ទីរពេទ្យ​ខេត្តសៀមរាប នា​យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ ហើយក៏​បានធ្វើ​ដំណើ​រវិ​ល​ត្រឡប់​ទៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​វិញ​ទាំងយប់ រហូតដល់​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ត្រូវបាន​ក្រុមគ្រូពេទ្យ​ខេត្តកំពង់ធំ យក​សំណាក​ធ្វើតេស្ត​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។ ២. ប្រពន្ធ​របស់លោក ស៊ា​ង គឹម​សាន កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​គរុកោសល្យ​ខេត្តសៀមរាប និង​បាន​យក​សំណាក​ធ្វើតេស្ត​លើក​ទី​១ លទ្ធផល​អវិជ្ជមាន​។ ៣. កូន​របស់លោក ស៊ា​ង គឹម​សាន បានធ្វើ​ដំណើរ​ពី​មន្ទីរពេទ្យ​ខេត្ត​ដោយ​ជិះ​ម៉ូតូឌុប​ទៅ​ម្តុំ​ផ្សារលើ និង​បាន​បន្តដំណើរ​តាម​រថយន្តក្រុង​ទៅកាន់​ស្រុក​ស្ទោង ខេត្តកំពង់ធំ វិញ​នា​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ខេត្តកំពង់ធំ​យក​សំណាក​ធ្វើតេស្ត​លើក​ទី​១​ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​។​

​រដ្ឋបាលខេត្ត សូមបញ្ជាក់​ជូន​បន្ថែម​ថា លោក ស៊ាន គឹម​សាន បានធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ដើម្បី​លាង​ឈាម កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ និង​បាន​វិល​ត្រឡប់មក​ម្តងទៀត នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ តែ​ដោយមាន​រោគសញ្ញា​សង្ស័យ ទើប​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​នាំ​ទៅយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។ ដោយឡែក​ក្រុមគ្រូពេទ្យ​ដែល​ពាក់ព័ន្ធ ត្រូវបាន យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ និង​ទទួលបាន​លទ្ធផល​អវិជ្ជមាន​។​

​ចំពោះ​ករណីនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សម្រេច​បិទ​ខ្ទប់​បរិវេណ​មុខ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ផ្សារកណ្តាល និង​តំបន់​ជុំវិញ​ផ្សារកណ្តាល ដែល​ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ឡើងវិញ​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ អំពី​មុខសញ្ញា​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ឬ​ទីតាំង​ដែល​បាន​បិទ​ខ្ទប់​ខាងលើ ចាប់ពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​ ​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close