អ្នកចិញ្ចឹមក្រពើសម្តែងការព្រួយបារម្ភ ក្រោយតម្លៃកូនក្រពើធ្លាក់ថ្លៃយ៉ាងគំហុក
ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមក្រពើលក់បានលើកឡើងថា តម្លៃកូនក្រពើឆ្នាំនេះបានធ្លាក់ថ្លៃយ៉ាងគំហុក ខណះដែលមិនមានទីផ្សារនាំចេញទៅក្រៅប្រទេសឡើយ។
លោក អ៊ុន ឡូត ប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោកបានប្រកបរបរចិញ្ចឹមក្រពើជាងបួនឆ្នាំមកហើយ ដោយមើលឃើញថា តម្លៃ និងទីផ្សារវាល្អ ហើយមួយវិញទៀតវាងាយស្រួលក្នុងការចិញ្ចឹមដោយមើលពិបាកក្នុងការមើលថែឡើយ ចំពោះចំណីវិញគឺគ្រាន់តែប្រមូលទិញយកកូនត្រី ឬក្បាលត្រីដែលគេកាត់ចោលមកកិនលាយឲ្យសុីតាមលទ្ធភាពបីបួនថ្ងៃ ឬមួយអាទិត្យម្តងក៏បាន។
លោកបន្តថា ចំពោះតម្លៃទីផ្សារកាលពីប៉ុន្មានឆ្នាំមុនកូនក្រពើមួយក្បាលលក់បានក្នុងតម្លៃពី២០ដុល្លារ ទៅ៣០ដុល្លារឯណោះ ទើបតែរយះពេលពីរឆ្នាំចុងក្រោយនេះ តម្លៃបានធ្លាក់យ៉ាងគំហុកមកត្រឹមកូនក្រពើមួយក្បាលតម្លៃ៩ដុល្លារ ទៅជាង៩ដុល្លារប៉ុណ្ណោះ។
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឲ្យដឹងថា នៅទូរទាំងខេត្តបាត់ដំបង មានប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមក្រពើជាង១០០គ្រួសារ ស្មើនិងជាង២ម៉ឺនក្បាលក្រពើ ហើយចំពោះតម្លៃទីផ្សារវិញ កាលពីឆ្នាំ២០១៣-២០១៤-២០១៥ កូនក្រពើមួយក្បាលលក់បានតម្លៃចាប់ពីជាង៣០ដុល្លារ ទៅ៤០ដុល្លារ ហើយទីផ្សារនាំចេញវិញ គឺទៅប្រទេសចិនតាមរយះអង្គការអន្តរជាតិ CITES ដែលជាអង្គការពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិ។
លោកបន្តថា រយះពេលពីរឆ្នាំចុងក្រោយនេះមិនមានទីផ្សារនាំចេញ ទើបធ្វើឲ្យតម្លៃកូនក្រពើក្នុងស្រុកលក់បានត្រឹមតែមួយក្បាល៩ដុល្លារ ទៅ១០ដុល្លារប៉ុណ្ណោះ ព្រោះចំពោះក្រពើដែលអាចនាំចេញទៅក្រៅប្រទេសជាលក្ខណះអន្តរជាតិបានលុះត្រាតែបានចុះក្នុងបញ្ជីCITES តែលោកថាតម្លៃកូនក្រពើនិងហក់ឡើងតម្លៃខ្ពស់វិញក្នុងឆ្នាំ២០១៩ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។