ឥណ្ឌា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ រហូតដល់​ជិត​៤០​ម៉ឺន​នាក់ និង​ស្លាប់​ជិត​៤​ពាន់​នាក់​

​ការឆ្លង​រាល​ដា​កកូ​វីដ​១៩ នៅក្នុង​ប្រទេស​ឥណ្ឌា​មិនមាន​សញ្ញា​ថយចុះ​នោះឡើយ កំណត់ត្រា​ថ្មី​បាន​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​មកទល់ពេលនេះ​គឺជា​ថ្ងៃទី​៨​ហើយ​ដែល​ឥណ្ឌា​មាន​ករណី​ឆ្លង​លើសពី​៣០​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។​

​នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ អ្នក​ឆ្លង​ជំងឺ COVID-19 ទូទាំងប្រទេស​សរុប ៣៧៩,២៥៧​នាក់​ទៀត ត្រូវបាន​រាយការណ៍ (​ជា​កំណត់ត្រា​ខ្ពស់បំផុត​ថ្មី​មួយទៀត​) ខណៈ​អ្នកជំងឺ​រហូតដល់ ៣,៦៤៥​នាក់​បាន​ស្លាប់ (​ក៏​ជា​កំណត់ត្រា​ខ្ពស់បំផុត​ថ្មី​មួយទៀត​ផងដែរ​)​។ ពេលនេះ​ចំនួន​អ្នកជំងឺ COVID-19 ដែល​បាន​បាត់បង់​ជីវិត​សរុប​នៅ​ឥណ្ឌា កើនឡើង​ដល់ ២០៤,៨៣២​នាក់​, ជាង ១៥​លាន​នាក់​ជាសះស្បើយ​ឡើងវិញ និង​ជាង ៣​លាន​នាក់​ទៀត​កំពុង​ព្យាបាល ឬ​រង់ចាំ​ការព្យាបាល​។​

​គួរ​បញ្ជាក់ថា ស្ថិតនៅ​ចំពោះ​ការអំពាវនាវ​ពី​អង្គការ​អន្តរជាតិ និង​អ្នកជំនាញ​ក្នុងស្រុក​ជាច្រើន ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​បិទ​ប្រទេស​ទាំងមូល ជា​បណ្តោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​រលក​ថ្មី​នៃ​ការឆ្លង​រាតត្បាត COVID-19 រដ្ឋាភិបាល​ទីក្រុង​ញូ​ដេលី ហាក់​មិនអាច​ធ្វើតាម​បាន​នោះឡើយ​។ យ៉ាងណាក៏ដោយ មានតែ​រដ្ឋធានី​ញូ​ដេលី​មួយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​បិទទ្វារ ហើយ​វា​នឹងត្រូវ​អូសបន្លាយ​រហូតដល់​ថ្ងៃទី​០៣ ខែឧសភា​។​

​ដោយឡែក​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 វិញ ប្រទេស​ឥណ្ឌា​ដែលមាន​ប្រជាជន​សរុប​ជាង ១,៣០០​លាន​នាក់ ទើបតែ​សម្រេចបាន ១៥០​លាន​ដូ​ស​ប៉ុណ្ណោះ គិត​ចាប់តាំងពី​ចុងខែ​មករា ឆ្នាំ​២០២១ ដែល​យុទ្ធនា​ការចាក់​ត្រូវបាន​ចាប់ផ្តើម​។​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close