តើ​ប្រទេស​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ច្រើនជាងគេ​

​ប្រទេស​ជុំវិញ​ពិភពលោក បាន​ខិតខំ​ជំរុញ​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង ដើម្បី​គ្រប់គ្រង​ការឆ្លង​កូ​វីដ ១៩ ហើយ​នាំ​ប្រទេស​របស់ខ្លួន​វិលត្រឡប់​មក​សភាព​ដើម​វិញ ។ តាម​របាយការណ៍ ចិន​គឺជា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង ជូន​ពលរដ្ឋ​បាន​ច្រើនជាងគេ បន្ទាប់មក​គឺ​អាម​រិ​ក​។​

​អាមេរិក​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ បាន​ជាង ២១៥​លាន​ដូ​ស ហើយ​បើ​គិត​តាម​ភាគរយ​នៃ​ចំនួន​ប្រជាជន អាមេរិក គឺ​ចាក់​បាន​ច្រើនជាងគេ ។ ចំណែក ចិន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន បាន​ច្រើន​ដូ​ស​ជាងគេ​បំផុត​លើ​លោក តែបើ​គិត​ជា​ភាគរយ​វិញ គឺ​នៅមានកម្រិត​ទាប​នៅឡើយ​

​សប្តាហ៍​នេះ​ចិន​បាន​ក្លាយជា​ប្រទេស ដែល​ចាក់​វ៉ាក់សាំង COVID-19 បាន​ច្រើន​ដូ​ស​បំផុត​នៅលើ​ពិភពលោក ប៉ុន្តែ​បើ​ធៀប​នឹង​ចំនួន​ប្រជាជន សរុប​ដ៏​ច្រើន​លើសលុប​របស់ខ្លួន​វិញ​នោះ ចិន​ចាំបាច់​ត្រូវ​បង្កើនល្បឿន​ថែមទៀត បើ​ចង់​សម្រេចបាន​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន ៤០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប នៅមុន​ដំណាច់​ខែមិថុនា​ខាងមុខ​។​

​គិត​ត្រឹម​ថ្ងៃ​ពុធ ទី​២៨ ខែមេសា ចិន​បាន​ចាក់​វ៉ាក់សាំង​សរុប ២៤៣.៩១​លាន​ដូ​ស ច្រើនជាង​ចំនួន ២៣៤.៦​លាន​ដូ​ស នៃ​ការចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​ជាមួយ​ចំនួន​ប្រជាជន​សរុប​ច្រើនជាងគេ​លើ​ផែនដី គឺ​ដល់​ទៅ​ជាង ១.៤​ពាន់​លាន​នាក់ គិត​ជា​ភាគរយ​វិញ​ចិន​ចាក់​បានតែ ១៧.៤​ដូ​ស ក្នុងចំណោម​មនុស្ស ១០០​នាក់​ប៉ុណ្ណោះ ដែល​យឺត​ខ្លាំង​ជាង​ចំនួន ៧១.១​ដូ​ស​ក្នុងចំណោម​មនុស្ស ១០០​នាក់ នៅ​សហរដ្ឋអាមេរិក ដែលមាន​ចំនួន​ប្រជាជន​សរុប​ជាង ៣៣២​លាន​នាក់ ពោល​មិន​ដល់ ១​ភាគ​៤ នៃ​ចំនួន​ប្រជាជន​សរុប​របស់​ចិន​ផង​។​

​គួរ​បញ្ជាក់ថា នៅក្នុង​ខែមេសា​នេះ សន្ទុះ​នៃ​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ចិន បាន​កើន​ដល់​ប្រហែល ៤.៤​លាន​ដូ​ស ក្នុង​មួយថ្ងៃ​គិត​ជា​មធ្យម ប៉ុន្តែ​សន្ទុះ​នេះ​ចាំបាច់​ត្រូវតែ​បង្កើនល្បឿន​ថែមទៀត គឺ​ធ្វើយ៉ាងណា​ឲ្យ​ដល់​យ៉ាងហោច ៥០​លាន​ដូ​ស​ក្នុង​មួយថ្ងៃ ប្រសិនបើ​ចង់​សម្រេច​គោលដៅ នៃ​ការចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​បាន ៤០​ភាគរយ នៅមុន​ដំណាច់​ខែមិថុនា​។​

​មកទល់​ឥឡូវ ចិន​បានអនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង COVID-19 ចំនួន ០៥ ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​នៅក្នុង​ស្រុក​ផ្ទាល់​។ កាលពីពេល​ថ្មីៗ​នេះ ចិន​ក៏បាន​សម្រួល​ឲ្យ​មាន ការ​នាំចូល​វ៉ាក់សាំង​ពី​បរទេស​ជា​លើកដំបូង​ផងដែរ ក្នុងពេល​ឆាប់ៗ​ខាងមុខ ដែល​អាចជា​វ៉ាក់សាំង​បង្ការ COVID-19 របស់​អាល្លឺម៉ង់ តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​សៀង​ហៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close