ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ១៥នាក់ទៀត កាលពីម្សិលមិញ
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ១៥នាក់ ដូចមានរាយនាម ក្នុងលិខិតជូនដំណឹង។ បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្ត-សៀមរាប កំពុងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥រូបខាងលើ។
ជាលទ្ធផលការសន្និដ្ឋានបឋមនៃករណីទាំង១៥នេះ គឺមាន១៣ករណី ជាការឆ្លងមកពីក្រៅខេត្ត និង២ករណីជាការឆ្លងក្នុងសហគមន៍ក្នុងខេត្តសៀមរាប។ លើសពីនេះ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការទប់ស្កាត់នៃការឆ្លងរាលជំងឺកូវីដ-១៩ ជាជំហានៗ ទៅតាមលទ្ធផលនៃការស្រាវជ្រាវនឹងទទួលបានជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្ត នឹងចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ជូននាពេលខាងមុខ។
រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់ក្រុមការងារ ដើម្បីចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។