ក្រុមហ៊ុនថ្មីចំនួន ២ទៀត នឹងបើកដំណើរការនៅកម្ពុជា ក្នុងទុនជិត ៦លានដុល្លារអាមរិក
ភ្នំពេញ៖ ក្រុមហ៊ុនថ្មីចំនួន ២ទៀត គ្រោងបើកដំណើរការនៅកម្ពុជា ក្នុងទុនជិត ៥.៦លានដុល្លារអាមរិក និងបានផ្តល់ការងារជិត ១ ៤០០កន្លែងដល់ពលរដ្ឋកម្ពុជាផងដែរ។
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងថង់យួរ របស់ក្រុមហ៊ុន FU TAI HAN ENTERPRISE CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. លើគម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។