រដ្ឋបាល​ខេត្តសៀមរាប បិទ​ខ្ទប់​ការចេញ​-​ចូល​ផ្សារ​កន្ត្រក ក្នុង​សង្កាត់​ស្វាយដង្គំ ជា​បណ្តោះអាសន្ន​

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​១៥​នាក់ ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​បានដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​១៥​នាក់ នោះ មាន​អ្នកជំងឺ​ម្នាក់​ឈ្មោះ រិ​ទ្ធ គ​ន្ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ធ្លាប់​បានចេញ ចូល​ផ្សារ​កន្ត្រក ស្ថិតនៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប នៅ​ចន្លោះ​ថ្ងៃទី​២៥ ទៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​។​

​ចំពោះ​ករណីនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សម្រេច​បិទ​ខ្ទប់​ការចេញ ចូល​ជា​បណ្ដោះ​-​អាសន្ន ក្នុង​បរិវេណ​ផ្សារ​កន្ត្រក ដែល​ស្ថិតនៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ឡើងវិញ​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ អំពី​មុខសញ្ញា​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ឬ​ទីតាំង​ដែល​បាន​បិទ​ខ្ទប់ ចាប់ពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close