យុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋរស់នៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមហើយ
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យរបស់កងទ័ព បានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្នុងក្រហម ក្នុងរាជធានីភ្នំពេញហើយ។
តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ស្មើនឹងប្រមាណ ៣៣សង្កាត់។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បានឲ្យដឹងថា ក្នុងតំបន់ក្រហម ដែលមានខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលត្រូវទទួលវ៉ាក់សាំងសរុបប្រមាណ ៨០៥,០៣៣នាក់។ តែមានប្រជាពលរដ្ឋប្រហែល ២៩ភាគរយ ដែលបានចាក់វ៉ាក់សាំងរួចហើយ ស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករនិយោជិតប្រហាក់ប្រហែល ១០០,០០០នាក់ បានចាក់ដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។
ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះមានចំនួនប្រមាណ ៤៧១,៥៧៣នាក់។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងកាលពីថ្ងៃម្សិលមិញថា យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនេះ គ្រោងប្រើរយៈពេលតែមួយខែប៉ុណ្ណោះ ពោលគឺត្រឹមខែឧសភានេះ ត្រូវបញ្ចប់ការចាក់វ៉ាក់សាំងទាំងដូសទី១ និងទី២សម្រាប់តំបន់ក្រហមឲ្យរួចរាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។