គ្រូពេទ្យ​វៀតណាម​ម្នាក់ បាន​ស្លាប់​ពេល​ចាក់​វ៉ាក់សាំង​រួច

​វៀតណាម​៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម VNexpress បានចេញ​ផ្សាយ​ថា មន្ត្រី​សុខាភិបាល​ជា​ស្ត្រី វ័យ​៣៥​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ស្ថិតក្នុង​ខេត្ត An Giang ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច​។​

​ប្រភព​មិនបាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ​អ្វី​នោះទេ ប៉ុន្តែ​វៀតណាម​បានចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង AstraZeneca តាំងពី​ថ្ងៃទី​៨ មីនា ២០២១ ក្នុងនោះ គិត​ត្រឹម​ថ្ងៃ​សុក្រ សប្តាហ៍​មុន មាន​មនុស្ស​ជិត​៧៥​ម៉ឺន​នាក់ ក្នុង​ក្រុង​-​ខេត្ត​ចំនួន​៥៧​នៃ​ប្រទេស​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​។

​ក្រុម​អាទិភាព​ទទួល​ការចាក់​គឺជា​បុគ្គលិក​សុខាភិបាល ក្រុមការងារ​យក​សំណាក ក្រុមការងារ​ស្រាវជ្រាវ នគរបាល និង កងទ័ព​។ បច្ចុប្បន្ន វៀតណាម​ទទួលបាន​វ៉ាក់សាំង​អង់គ្លេស​ប្រភេទ​នេះ​ចំនួន​២​លើក​មកហើយ ក្នុងនោះ លើក​ទី​១ ចំនួន​១១៧៦០០​ដូ​ស កាលពី​ខែកុម្ភៈ និង​លើក​ទី​២ ចំនួន​៨០​ម៉ឺន​ដូ​ស កាលពី​ចុងខែ​មីនា ស្ថិតក្រោម​កម្មវិធី​កូ​វ៉ា​ក់ របស់​អង្គការ​សុខភាព​ពិភពលោក​។ តាម​គម្រោង យន្តការ​កូ​វ៉ា​ក់​នេះ​នឹង​ផ្តល់​វ៉ាក់សាំង​១​លាន​៦​សែន​ដូ​ស​ទៀត​ជូន​វៀតណាម នា​ថ្ងៃ​ចន្ទ ទី​១០ ឧសភា ២០២១​នេះ​។​

​ចំពោះ​មូលហេតុ​នៃ​ការស្លាប់​ដំបូង ក្រោយ​ការចាក់​វ៉ាក់សាំង ត្រូវបាន​មន្ទីរ​សុខាភិបាល​ខេត្ត An Giang បញ្ជាក់ថា បណ្តាលមកពី​ប្រតិកម្ម​អាណា​ហ្វី​ឡាក់​ទិច ដោយសារតែ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក​ដែល​មិនមែនជា​ស្តេ​រ៉ូ​អ៊ី​ត​។ អ្នកគ្រូ​ពេទ្យ​រូបនេះ​ត្រូវបាន​ចាក់​វាក់​សាំង កាលពី​ព្រឹក​ថ្ងៃទី​៦ ឧសភា ហើយ​បាន​ស្លាប់​នៅ​ថ្ងៃទី​៧ ឧសភា​។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្យាបាល​ផងដែរ ក្រោយ​ការចាក់​រួច​មាន​អា​ការៈមិន​ស្រួលខ្លួន តែ​មុនពេល​ចាក់ ត្រូវបាន​ពិនិត្យ​សុខភាព​ដែរ​ថា​មិនមាន​បញ្ហា​អ្វី​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close