អំពើហិង្សា​បន្ត​កើតឡើង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន នៅ​តំបន់​ជេ​រ៉ូ​សា​ឡឹម​

តាម​សារព័ត៌មាន AFP របស់​បារាំង បាន​ផ្សាយ​ថា ការប៉ះទង្គិច​គ្នា​រវាង ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​និង​កម្លាំង​ប៉ូលិស​អ៊ីស្រាអែល បន្ត​កើត​ឡង​នៅ​តំបន់​ព្រំ​វិហារ Al Aqsa Jerusalem នៅ​ថ្ងៃទី ១០​ខែឧសភា ។​ ​តាម​សារព័ត៌មាន AFP បាន​ផ្សាយ​ថា ក្រុមបាតុករ ប៉ា​ឡេ​ស្ទី​ន​បាន​គប់​ដុំថ្ម វត្ថុ​រឹង​ទៅលើ​កម្លាំង​ប៉ូលិស​អ៊ីស្រាអែល បង្ខំចិត្ត​ឲ្យ​កម្លាំង​អ៊ីស្រាអែល ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​កៅស៊ូ​តបត​វិញ បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​។​

​នៅពេល​នេះដែរ​អង្គការសហប្រជាជាតិ​បា​ជួបប្រជុំ​ជាសម្ងាត់​ពិភាក្សា​ទៅលើ​ស្ថានភាព​ហិង្សា ដែល​បង្កឡើង​នៅ​តំបន់​ជេ​រ៉ូ​សា​ឡឹម ដែលមាន​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​រស់នៅ​។​កន្លងមក​ថ្មីៗ​មាន​មនុស្ស ១៧៨​នាក់ ដែលជា​បាតុករ​ប៉ា​ឡេ​ស្ទី​ន​រងរបួស ក្រោយ​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​ប៉ូលិស​អុ​ី​ស្រា​អែល​នៅ​ព្រះវិហារ Al Aqsa និង​តំបន់​ជាច្រើន​ទៀត​នៅ ជេ​រ៉ូ​សា​ឡឹម ។ ក្រៅពីនេះ​ក៏មាន​ប៉ូលិស​អុ​ី​ស្រា​អែល​៦​នាក់​រងរបួស​ផងដែរ​។​

​តាម​សារព័ត៌មាន Aljazeera បាន​ផ្សាយ​ថា ការប៉ះទង្គិច​គ្នា​រវាង ជនជាតិ​ប៉ា​ឡេ​ស្ទី​ន និង​ប៉ូលិស​អុ​ី​ស្រា​អែល​កើតឡើង​ក្រោយពេល ក្រុមបាតុករ​ប៉ា​ឡេ​ស្ទី​ន បាន​គប់​ដុំថ្ម ដប​ទឹក បាញ់​កាំជ្រួច ទៅលើ​កម្លាំង​ប៉ូលិស​អុ​ី​ស្រា​អែល ជាដើម​ហេតុ​បង្ខំ​ឲ្យ​កម្លាំង​ប៉ូលិស ត្រូវ​ប្រើប្រាស់​គ្រាប់កាំភ្លើង​កៅស៊ូ​វាយ​បាញ់​ទៅលើ​ក្រុមបាតុករ​។​ កម្លាំង​ប៉ូលិស​អុ​ី​ស្រា​អែល​បាន​បញ្ជាក់ថា នឹង​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ឡើងវិញ ក្រោយ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​រាប់រយ​នាក់​បង្ក​ហិង្សា បន្ទាប់ពី​ពិធី​សូត្រធម៌ ពេលយប់​នៅ​ព្រះវិហា​អុ​ី​ស្លាម ក្នុង​ខែ​រ៉ា​ម៉ា​ដាន់​។​

​អង្គការ​អភិ​ច័ន្ទ​ក្រហម ប៉ា​ឡេ​ស្ទី​ន បាន​ឲ្យ​ដឹងថា ត្រូវបង្កើត​មន្ទីរពេទ្យ​បណ្តោះអាសន្ន​នៅ​តំបន់ ជិត​ទីតាំង​ប៉ះទង្គិច​គ្នា ដើម្បី​ជួយសង្គ្រោះ​អ្នករងរបួស​ទាន់ពេល​វេលា ខណៈ​មន្ទីរពេទ្យ​ក្នុង​តំបន់​ពេញ​ណែន​ដោយ​អ្នករងរបួស​។​ ​នៅ​តំបន់​ភាគ​ខាងលិច​ជេ​រ៉ូ​សា​លឹម មាន​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​២,៦​លាន​នាក់​រស់នៅ ហើយ​ប្រទេស​ប៉ា​ឡេ​ស្ទី​ន ចាត់ទុកថា​ជា​ទឹកដី​របស់ខ្លួន​។ តំបន់​នេះ​ត្រូវបាន​អុ​ី​ស្រា​អែល ដណ្តើម​គ្រប់គ្រង​នៅក្នុង​ឆ្នាំ ១៩៦៧ ហើយ​បញ្ជូន​ជនជាតិ​ជ្វី​ហ្វ​ទៅ​រស់នៅ​ទីនោះ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close