កម្ពុជា ទទួលបាន​ទេសចរ​ជិត​២​ម៉ឺន​នាក់ នៅ​ចុង​សប្តាហ៍​នេះ​

​ភ្នំពេញ​៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍​នា​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​ចុង​សប្តាហ៍ ចាប់ពី​ថ្ងៃទី​០៧-០៩ ខែឧសភា មាន​ចំនួន​សរុប ១៩,៧០៩ នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ១៩,៤៩២ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២១៧ នាក់​។​

​ជាមួយគ្នា​នោះ ឯកឧត្ដម​បណ្ឌិត​បាន​បង្ហាញ​ការកត់សម្គាល់​លើ​ចំណុច​សំខាន់ៗ​មួយចំនួន រួមមាន​៖
* ភ្ញៀវទេសចរ ទោះបី​នៅមាន​ចំនួន​តិច​នៅ​ឡី​យ តែមាន​ការកើនឡើង​ខ្លះ​នៅតាម​គោលដៅ​នានា ពោលគឺ​បាន​កើន​ចំនួន​ប្រមាណ ១០,៧៤៩ នាក់ ស្មើ ១២០% ធៀប​នឹង​រយៈពេល​មួយ​សប្តាហ៍​មុនពេល​បិទ​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ (​ដែល​ភ្ញៀវទេសចរ​មាន​ចំនួន​ត្រឹមតែ ៨,៩៦០ នាក់​)​។

​ភ្ញៀវទេសចរ​ភាគច្រើន គឺជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត ហើយ​ការដើរ​កម្សាន្ត​គឺ​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ​។ ដោយឡែក ភ្ញៀវទេសចរ​ពី​ភ្នំពេញ និង​ខេត្តកណ្តាល មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ ដោយសារ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្នុង​តាខ្មៅ ទើបត្រូវ​បាន​បិទ​បញ្ចប់​នា​ថ្ងៃទី​៦ ខែឧសភា​។​

* រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ដែល​បាន​បើក​ដំណើរការ​ឡើងវិញ ភាគច្រើន​ជា​គោលដៅ​ដែលមាន​វិសាលភាព​ធំ​ទូលាយ ដែលមាន​ភាពងាយស្រួល​ក្នុងការ​រក្សា​គម្លាត​សង្គម ដូចជា​តំបន់​ប្រាសាទ​អង្គរ តំបន់ឆ្នេរ តំបន់​សហគមន៍​ទេសចរណ៍ អេកូ​ទេសចរណ៍ និង​ទេសចរណ៍​ផ្សងព្រេង​ជាដើម ខណៈ​រមណីយដ្ឋាន​ដែលមាន​លក្ខណៈ​កែច្នៃ​បែប​ឯកជន​ភាគច្រើន ម្ចាស់​រមណីយដ្ឋាន​នៅ​មិនទាន់​បើក​ដំណើរ​ឡើងវិញ​ទេ ដោយនៅ​បន្ត​រង់​ចាំមើល​ការវិវត្ត​នៃ​ជំងឺ​កូ​វីដ​-១៩​។​

* គោលដៅ​ទេសចរណ៍​នៅតាម​បណ្តា​មូលដ្ឋាន​ខេត្ត និង​ស្រុក​មួយចំនួន អាជ្ញាធរ​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ទេ អាស្រ័យ​លើ​ការវិវត្ត​ជាក់ស្តែង​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន ហើយ​គោលដៅ​ទេសចរណ៍​មួយចំនួន​បាន​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​មិនទាន់មាន​ភ្ញៀវ​ទៅ​កម្សាន្ត​នៅឡើយ​។​

* គណៈបញ្ជាការ​ឯកភាព​ខេត្ត​មួយចំនួន​នៅ​បន្ត​ប្រយ័ត្នប្រយែង និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដោយមាន​ការដាក់​ប៉ុស្តិ៍​យាម​នៅតាម​ព្រំប្រទល់​ខេត្ត​មួយចំនួន ដើម្បី​សាកសួរ​ព័ត៌មាន និង​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូ​វីដ​-១៩ (Rapid Test) ក្នុងករណី​សង្ស័យ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close