កូ​វីដ​១៩​បំប្លែង​ថ្មី ប្រភពពី​ឥណ្ឌា ឆ្លងទៅ​ដល់ទី​ក្រុង​ហាណូយ និង​ខេត្ត​ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម​ហើយ​

​វៀតណាម​៖ សារព័ត៌មាន​វៀតណាម​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា អ្នកជំនាញ​ផ្នែក​រោគរាតត្បាត​វៀតណាម​បាន​រកឃើញ​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​មាន​ប្រភពដើម​នៅ​ឥណ្ឌា ក្រោយ​ការវិភាគ​សំណាក​របស់​អ្នកជំងឺ​នៅក្នុង​ទីក្រុង​ហាណូយ និង​តំបន់​ភាគ​ខាងជើង​មួយចំនួនទៀត ។​

​ក្រសួងសុខាភិបាល​វៀត​ណា​ម បានអោយដឹង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន​ថា សំណាក​មួយ​ត្រូវបាន​យក​ពី​រដ្ឋធានី​របស់​ប្រទេស​វៀតណាម ខណៈដែល​សំណាក​ពីរ​ទៀត គឺ​មកពី​ខេត្ត Hung Yen និង​៥​ទៀត​មកពី​ខេត្ត Thai Binh ដោយ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បង្ហាញថា សំណាក​ទាំង​៨ គឺមាន​ផ្ទុក​វីរុស​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី​ឥណ្ឌា ដែល​គេ​ស្គាល់​ឈ្មោះថា B.1.617.2 ។​

​គួរបញ្ជាក់​ផងដែរ​ថា រហូតមកទល់​ពេលនេះ វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែលមាន​ប្រភពដើម​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​ឆ្លង​រីក​រាលដាល​ដល់​ប្រទេស​យ៉ាងហោចណាស់​១៧​ហើយ ខណៈ​វៀតណាម​បាន​រកឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ឥណ្ឌា​ជា​លើកដំបូង​នៅ​ថ្ងៃទី​៣០ ខែមេសា​កន្លងទៅ លើ​ជនជាតិ​ឥណ្ឌា​៤​នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់​នៅក្នុង​ខេត្ត Yen Bai ភាគ​ខាងជើង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close