ខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ទៀត
ខេត្តសៀមរាប៖ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ១នាក់បន្ថែមទៀត គឺឈ្មោះ សែម លក្ខ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។
រដ្ឋបាលខេត្ត បញ្ជាក់ថា ស្ត្រីខាងលើ បានធ្វើដំណើរត្រឡប់មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យបានណែនាំឱ្យ ឈ្មោះ សែម លក្ខ ស្នាក់នៅមណ្ឌលចត្តាឡីស័ក ដើម្បីតាមដានសុខភាព ហើយនៅព្រឹកថ្ងៃទី២៨ ខែមេសា ក្រុមគ្រូពេទ្យបានយកសំណាក និងទទួលបានលទ្ធផលអវិជ្ជមាន ប៉យន្តែនៅតែបានណែនាំឱ្យធ្វើចត្តាឡីស័កបន្តទៀត លុះនៅថ្ងៃទី១១ ខែឧសភា ដែលជាកាលកំណត់នៃការយកសំណាកលើកទីពីរ ទើបទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៧៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន៥៥នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ ដែលគាត់ជាអ្នកជំងឺខូចតម្រោងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។