អីស្រាអែល វាយបកតបតវិញយ៉ាងចាស់ដៃទៅលើទីតាំងនៅតំបន់កាហ្សា
ការប្រឈមមុខតានតឹងនៅតំបន់ជេរ៉ូសាឡឹម កាន់តែខ្លាំងឡើង ហើយក្រុមឧទ្ទាមហាម៉ានៅកាហ្សា បានបាញ់រ៉ុក្កែតទៅលើទីតាំងនានារបស់អ៊ីស្រាអែល ។ កម្លាំងទាហានអីស្រាអែល ក៏បានវាយបកវិញ ដោយមីស៊ីលជាច្រើនគ្រាប់ទៅលើតំបន់កាហ្សា។
ការវាយប្រហារពីក្រុមហាម៉ាស់ទៅលើប្រទេសអីស្រាអែល បានបំផ្លាញផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងហើយទាហានអីស្រាអែលក៏បានវាយប្រហារតបតវិញភ្លាមៗ។កាលពីថ្ងៃទី ១០ខែឧសភា អីស្រាអែល បានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សា ជាការតបតទៅទៅលើក្រុមហាម៉ាស់ដែលបានបាញ់មីស៊ីលទៅលើទឹកដីអីស្រាអែល។
សារព័ត៌មាន CAN បានដកស្រង់សំដីមន្ត្រីនៅហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស២០ នាក់ស្លាប់ ក្នុងនោះមានកុមារ៩នាក និងមេបញ្ជាការជា់ន់ខ្ពស់របស់ក្រុមហាម៉ាស់ម្នាក់ ។ ក្រៅពីនេះនៅមានអ្នករងរបួស ៦៥នាក់ផងដែរ។
នាយករដ្ឋមន្ត្រីអីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានព្រមានថា ក្រុមហាម៉ាស់ បានឆ្លងផុតបន្ទាត់ក្រហម ក្រោយបាញ់មីស៊ីលទៅលើតំបន់ជេរ៉ូសាឡឹម ដូចឆ្នេះ អីស្រាអែលត្រូវតែតបតវិញ។
កម្លាំងទាហានការពារអ៊ីស្រាអែល បានប្រកាសឲ្យដឹងថា មានមីស៊ីលដល់ទៅ ១៥០ ដើមបាញ់ទៅលើទឹកដីអីស្រាអែល ប៉ុន្តែត្រូវមីស៊ីលការពាររបស់អីស្រាអែល បាញ់កម្ទេច។ កម្លាំងមីស៊ីលអីស្រាអែល បានវាយប្រហារកម្ទេច ទីតាំងមីស៊ីលរបស់ក្រុមហាម៉ាស់ និងផ្លូវក្រោមដី នៅតំបន់កាហ្សា។
ការប្រឈមមុខតានតឹងរវាងអីស្រាអែលនិងក្រុមហាម៉ាស់កើតឡើងក្រោយមានការប៉ះទង្គិចគ្នារវាង កម្លាំងប៉ូលិសអីស្រាអែលនិងក្រុមជនជាតិប៉ាឡេស្ទីននៅព្រះវិហារ Al Aqsa ស្ថិតនៅទីក្រុងបុរាណ ជេរ៉ូសាឡឹម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។