ស្លាប់​និង​របួស ២១​នាក់ ដោយ​ការបាញ់ប្រហារ​នៅ​សាលារៀន​ក្នុងប្រទេស​រុស្ស៊ី​

ការបាញ់ប្រហារ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង នៅក្នុង​ទឹកដី​រុស្ស៊ី បណ្តាល​ឲ្យ​មាន​មនុស្ស​១១​នាក់​ស្លាប់ ភាគច្រើន​ជា​សិស្ស និង ១០ នាក់​រងរបួស ។​ការបាញ់ប្រហារ នៅ​សាលារៀន​ស្ថិតនៅក្នុង​តំបន់ Kazan នៃ​សាធរ​ណ​រដ្ឋ Tatarstan ស្ថិតនៅក្នុង​ប្រទេស​រុស្ស៊ី​នា​ថ្ងៃទី ១១​ខែឧសភា ។​

​សិស្ស​និង គ្រូបង្រៀន​ត្រូវបាន​ជម្លៀស​ចេញពី​អគារ​សាលា​ក្រោយ​ឮ​ស៊ូ​ស្នូ​កាំភ្លើង​ជាច្រើន​គ្រាប់​។ សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មនុស្ស​ជាច្រើន​បាន​ព្យាយាម​ចេញ​តាម​បង្អួច គេច​ចេញពី​ការបាញ់ប្រហារ​។​

​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ជនដៃដល់​ដែល​បាញ់ប្រហារ​នោះ​គឺជា​យុវជន​អាយុ ១៩ ឆ្នាំ ជាមួយនិង​កាំភ្លើង មួយ​ដើម ។ ពេល​ដំបូង​មាន​មនុស្ស​ជាច្រើន​លើកឡើងថា​មាន​ជនដៃដល់​ម្នាក់ទៀត​ចូលរួម​ក្នុងការ​តទល់​ជាមួយ​កម្លាំង​ប៉ូលិស​។ ប៉ុន្តែ​មន្ត្រី​ក្នុង​តំបន់​បាន​បញ្ជាក់ថា​ជនដៃដល់​ធ្វើ​សកម្មភាព​វាយប្រហារ តែម្នាក់ឯង​ប៉ុណ្ណោះ​។​

​លោក Rustam Minnikhanov មេដឹកនាំ តំបន់ Tatarstan ក៏បាន​បង្ហាញ​វត្ត​មាននៅ​កន្លែងកើតហេតុ នា​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​(​ពេលវេលា​ក្នុង​តំបន់​)​។ លោក Rustam Minnikhanov បានលើកឡើង​ថា​មាន​សិស្ស​ប្រុស ៣​នាក់ និង​សិស្សស្រី​៣​នាក់ ក្រៅពីនេះ​នៅមាន​អ្នករងរបួស​ជាច្រើន​។ មកទល់ពេលនេះ​អ្នកស្លាប់​បាន​កើនឡើង​១១​នាក់​ហើយ​។​

​សកម្មភាព​បាញ់ប្រហារ​ខាងលើ​កើតឡើង ក្រោយពេល​ពលរដ្ឋ​រុស្ស៊ី​បាន​វិល​ត្រឡប់មក​ធ្វើការ​វិញ​បន្ទាប់ពី​ឈប់​ម្រាក់ រយៈពេល​១០ ថ្ងៃ ចាប់តាំងពី​ទិវា​ពលកម្ម រហូតដល់​ទិវា​ជ័យជម្នះ​៧៦​ឆ្នាំ​លើ​របប​ណា​ស៊ី​អាល្លឺម៉ង់​។​

​ទីក្រុង Kazan មាន​ចម្ងាយ​ពី​ទីក្រុង​មូ​ស្គូ ៨០០ គីឡូម៉ែត្រ ត្រូវបាន​ចាត់ទុកថា​ជាទី​ក្រុង​ធំ​ទី​បី​របស់​រុស្ស៊ី មាន​ពលរដ្ឋ​រស់នៅ​១,២ លាន​នាក​។ ពលរដ្ឋ​រស់នៅ​ទីន​ភាគច្រើន​ជា​ជនជាតិ​អី​ស្លាម​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close