អាល់កុលក្លែងក្លាយជិត ១២តោន ត្រូវបានបំផ្លាញចោល ក្រោយបង្ក្រាបបាននៅទីផ្សារ
ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ១២តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក មធ្យោបាយដឹកជញ្ជូន និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ។ អាល់កុល ឬអេតាណុល គឺជាសារធាតុដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាលដែលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ធ្វើឱ្យតម្រូវការអាល់កុលមានការកើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនប្រជាពលរដ្ឋដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគជាដើម។
សារធាតុគីមីមេតាណុលគឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។
ជាមួយគ្នានោះ សូមអំពាវនាវដល់សាធារណជនដែលជាអ្នកប្រើប្រាស់ទាំងអស់ សូមពិនិត្យនិងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ មុននឹងសម្រេចចិត្តជាវអាល់កុល ឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។