ឯកឧត្តម គួច ចំរើន៖ ពេលចប់កូវីដ-១៩ នឹងដាំកូនស្ងាវ នៅតាមបណ្តោយឆ្នេរសមុទ្របន្តទៀត
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្ត និងលោកអភិបាលស្រុកព្រៃនប់ចុះពិនិត្យសកម្មភាពការរៀបចំបាវដាក់ដីទប់ឫសស្ងាវនៅតាមបណ្តោយឆ្នេរស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមក្រុមការងារបច្ចេកទេសបានឱ្យដឹងថា បាវច្រកដីនេះ វាមានគុណភាពធានាកំដៅថ្ងៃ និងធានាការជ្រាបទឹកបានល្អអាចរក្សាបានរហូត១០ឆ្នាំ ប្រសិនបើមិនមានការយកកាំបិទមកកាត់បំផ្លាញ ម្យ៉ាងការយកបាវនេះមកច្រកខ្សាច់ទប់កុំឱ្យទឹកសមុទ្របោកបក់យកខ្សាច់ចេញពីគល់ស្ងាវ ដែលបណ្តាលឱ្យដើមស្ងាវត្រូវដួលរលំនៅពេលខាងមុខ នេះជាវិធានការទប់ស្កាត់បានទាន់ពេលវេលាកុំឱ្យដើមស្ងាវវាដួលរលំ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវបង្កើនការយកចិត្តទុកដាក់បំពេញការងារដោយទទួលខុសត្រូវព្រោះនេះជាទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តរបស់យើងមានខ្សល់អាកាសបរិសុទ្ធ ដើមស្ងាវត្រូវបានដាំដុះនៅតាមឆ្នេរសមុទ្រលម្អតាមបែបធម្មជាតិ។
រដ្ឋបាលខេត្ត ត្រៀមរៀបចំឆ្នេរកម្សាន្តសាធារណៈតាមបណ្តោយឆ្នេរចាប់ពីឆ្នេរអូឈើទាលរហូត ដល់ឆ្នេររាម ដើម្បីសម្រាប់ទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ជំងឺកូវីដ-១៩នៅទូទាំងប្រទេស ពិសេសថែមទៀតនោះ ។
ឯកឧត្តម គួច ចំរើន បន្តថា នៅតាមបណ្តោយឆ្នេរត្រូវបានរៀបចំសាងសង់បន្ទប់ទឹកដែលមានលក្ខណស្តង់ដារបំរើភ្ញៀវទេសចរ ក្រៅពីឆ្នេរ និងបន្ទប់ទឹកស្តង់ដារ ខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ មានលម្អដោយដើមឈើ សួនច្បារនៅអមសងខាងផ្លូវ មានភ្លើងបំភ្លឺសាធារណៈ ភ្លើងស្តុប និងកាមេរ៉ាសុវត្ថិភាពបំពាក់នៅតាមផ្លូវ ដើម្បីធានាពីសោភ័ណភាព និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ បន្ថែមទៀត ។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា នៅពេលចប់កូវីដ-១៩ យើងនឹងបន្តដាំកូនស្ងាវនៅតាមបណ្តោយឆ្នេរក្នុងក្រុងព្រះសីហនុបន្តទៀត ព្រោះដើមស្ងាវវាសាកសម្យរស់នៅតាមឆ្នេរសមុទ្រជួយការពារបរិស្ថាន និងសោភ័ណភាពតំបន់ឆ្នេរមានភាពស្រស់ស្អាត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។