ក្រុម​ហា​ម៉ាស់ បាញ់​រ៉ុក្កែត ជាង ២០០​គ្រាប់​សងសឹក​អី​ស្រា​អែល ស្ថានភាព​កាន់តែ​អាក្រក់​

​ក្រុម​ឧទ្ទាម​ប៉ា​ឡេ​ស្ទី​ន នៅ​ថ្ងៃទី ១២​ខែឧសភា បានប្រកាសថា​បាន​បាញ់​រ៉ុក្កែត​ជាង ២០០​គ្រាប់​ទៅលើ​ទីតាំង​នានា​របស់​អី​ស្រា​អែល​ជាការ​សងសឹក​ដល់​ការវាយប្រហារ​ពី​អី​ស្រា​អែល​។​

​សារព័ត៌មាន AFP បាន​ផ្សាយ​ថា ក្រុម​ហា​ម៉ា​ស់បាន​បាញ់​រ៉ុក្កែត​១១០​គ្រាប់​ទៅលើ​ទីតាំង​ក្នុង​រដ្ឋធានី Tel Aviv និង​រ៉ុក្កែត​១០០​គ្រាប់​ទៀត​ទៅលើ​ទីតាំងនៅ​ក្នុងស្រុក Beersheva ភាគខាងត្បូង​ប្រទេស​នេះ​។ ជាមួយគ្នានេះ​សារព័ត៌មាន Shehab មាន​ទីតាំងនៅ​ហ្គា​ហ្សា បាន​ផ្សាយ​ថា កងពល Al-Qassam របស់​ហា​ម៉ាស់ បាន​បាញ់​រ៉ុក្កែត​រាប់រយ​គ្រាប់​ទៅកាន់​អី​ស្រា​អែល ។​

​កម្លាំង​ទាហាន​អី​ស្រា​អែល​ក៏បាន​វាយ​ស្ទា​ក់បាន​គ្រាប់​រ៉ុក្កែត​ជាច្រើន​គ្រាប់​ផងដែរ​។ ប៉ុន្តែ​ដោយ​ការវាយប្រហារ​តាមបែប​«​ព្យុះ​មី​ស៊ី​ល​» ក្រុម​ការពារ​របស់​អី​ស្រា​អែល​មិនអាច​ទប់ស្កាត់បាន​ទាំងអស់​នោះឡើយ ដោយមាន​ការខូចខាត​ទ្រព្យសម្បត្តិ​និង​អាយុ​ជិវិត​ផងដែរ​។

​ក្រុម​ហា​ម៉ាស់​បានប្រកាសថា បានសម្លាប់​ជនជាតិ​អី​ស្រា​អែល​២​នាក់ និង​រងរបួស​ជាច្រើន នាក់ ក្នុងការ​បាញ់ប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​តំបន់ Ashkelon និង Ashdod ។ មន្ទីរ​សុខាភិបាល​នៅ​ហ្គា​ហ្សា បានប្រកាសថា មាន​មនុស្ស​២៨​នាក​ស្លាប់ ក្នុងនោះ​មាន​កុមារ​១០ នាក់​និង​រងរបួស​១៥២​នាក់ ដោយ​ការវាយប្រហារ​ទៅលើ​ទីតាំង​នានា នៅ​ហ្គា​ហ្សា​។​

​ចំណែក​រដ្ឋាភិបាល​អី​ស្រា​អែល​វិញ ក៏បាន​បញ្ជាក់​ផងដែរ​ថា មាន​មនុស្ស​២​នាក់​ស្លាប់ និង របួស​ជាង ៣០ នាក់​ដោយ​ការវាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា​។ សហគមន៍​អន្តរជាតិ​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​ពី​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​កើតឡើង​ជាថ្មី​។ អង្គការសហប្រជាជាតិ បានស្នើ​ដល់​ភាគី​ទាំងពីរ​រក្សា​ការអត់ធ្មត់​បញ្ចៀស​ការ​វា​ហារ​គ្នា​ទ្រង់ទ្រាយ​ធំ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close