សមត្ថកិច្ច បង្ហាញមុខ​ខ្លួន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ៧​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កាលពី​ចុង​សប្តាហ៍​នេះ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​លាក់​ក្នុង​បញ្ញើរ តាមផ្លូវ​គោក (​ឆ្លងកាត់​កម្ពុជា​ទៅ​វៀតណាម​) ដោយ​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន ជនជាតិ​ចិន​ម្នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ៧​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​ជំនាញ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​តាមផ្លូវ​គោក នៅ​ចំណុច​បេនឡាន​អូរ​ឬ​ស្សី ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា និង​បន្ត​ឆែកឆេរ​លំនៅដ្ឋាន ផ្ទះ​លេខ​៤៨២BIS ផ្លូវ​ទ​ន្លរ​មេគង្គ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយបាន​ឃាត់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់ ឈ្មោះ ហ្វា​ន អ៊ី​(FAN YI) ភេទ​ប្រុស ជា​ជន​ជាតិចិន បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​លេខ​៤៨២BIS ផ្លូវ​ទ​ន្លរ​មេគង្គ សង្កាត់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ក្នុង​ប្រតិបត្តិការ​នោះ បាន​រឹបអូស​វត្ថុតាង​បាន អ៊ិ​ច​ស្តា​ស៊ី​(MDMA) ទម្ងន់ 971.77g (​លាក់​បង្កប់​ក្នុង​ជើង​កង្ហារ​ប​ញ្ឍ​រ​), កេ​តា​មីន​(Ketamine) ទម្ងន់ 5kg 578.95g, មេ​តំ​ហ្វេ​តា​មីន​(ICE) 93.19g និង​សារធាតុ​ផ្សំ (​មិន​ច្បាស់​ប្រភេទ​) 12kg 440g និង ១០​កំប៉ុង ស្មើ​ទម្ងន់ 1kg​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​សាកសួរ​បន្ត ដើម្បី​តាម​ចាប់​មុខសញ្ញា​ពាក់ព័ន្ធ ដែល​កំពុង​រត់គេចខ្លួន និង​បន្ត​សហការ​ជាមួយ​ភាគី​វៀតណាម​ស្រាវជ្រាវ បង្ក្រាប​មុខសញ្ញា​អ្នកទទួល​បញ្ញើរ​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close