សត្វ​ស្លាប ៣​ប្រភេទ​ផ្សេងទៀត គ្រោង​ដោះលែង​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​

​ខេត្តសៀមរាប​៖ កាលពី​ចុង​សប្តាហ៍​កន្លងទៅ គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance បាន​ដឹកជញ្ជូន​សត្វ​ស្លាប​៣​ប្រភេទ​ផ្សេងទៀត សរុប​ចំនួន​១១​ក្បាល មកកាន់​ព្រៃ​រមណីយដ្ឋាន​អង្គរ​។

​សត្វ​ស្លាប​ទាំងនោះ​រួមមាន សត្វ​ក្ងោក (Peafowl) ចំនួន​៥​ក្បាល សត្វ​កេងកង​ធំ (Great Hornbill) ចំនួន​៣​ក្បាល និង​សត្វ​ព្វាំ​ង (Wreathed Hornbill) ចំនួន​៣​ក្បាល ដែល​ទទួល​បានជា​អំណោយ​ពី​អង្គការ​អភិរក្ស​សត្វព្រៃ​នានា និង​ប្រជាពលរដ្ឋ​យកមក​ផ្សាំ​នៅ​ក្នុងព្រៃ​រមណីយដ្ឋាន​អង្គរ ដែល​ក្រុមការងារ​គម្រោង​នឹងធ្វើ​ការដោះលែង​សត្វ​ស្លាប​ទាំងនេះ​ចេញពី​ទ្រុង​ចូលទៅ​ក្នុងព្រៃ​នាពេលខាងមុខ​។​

​កន្លងមក​គម្រោង​ទទួលបាន​ជោគជ័យ​ក្នុងការ​ដោះលែង​សត្វព្រៃ​ជាច្រើន​ប្រភេទ​ចូល​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ មានដូចជា សត្វ​ទោច​មកុដ (Pileated gibbon) ចំនួន​១១​ក្បាល (​កើតកូន​បាន​ចំនួន​៤​ក្បាល​) សត្វ​ឈ្លូស (Red muntjac) ចំនួន​៤​ក្បាល សត្វ​ស្វា​ព្រាម (Silvered langurs) ចំនួន​១២​ក្បាល សត្វ​សំពោចក្រអូប (Common palm civets) ចំនួន​៥​ក្បាល សត្វ​ភេ​ខ្លួន​រលោង (Smooth-coated otter) ចំនួន​៤​ក្បាល (​កើតកូន​បាន​ចំនួន​២​ក្បាល​) សត្វ​ឆ្មា​ដាវ (Leopard Cat) ចំនួន​២​ក្បាល និង​សត្វ​កេងកង​តូច (Oriental Pied Hornbill) ចំនួន​២​ក្បាល និង​សត្វ​ផ្សេងៗ​មួយចំនួនទៀត​។ មកដល់​សព្វថ្ងៃ សត្វ​ទាំងអស់នេះ​នៅតែមាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការយកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជាប្រចាំ​ពី​ក្រុមការងារ​។​

​ដើម្បីឱ្យ​សត្វព្រៃ​ទាំងអស់​បន្ត​វត្តមាន​នៅក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែមទៀត អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ សូម​អំពាវនាវ​ជូន​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ចូលរួម​ថែរក្សា​សត្វព្រៃ​ទាំងនោះ​ទាំងអស់គ្នា ចៀសវាង​ពេល​ប្រទះឃើញ​មានបំណង​មិនល្អ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឱ្យ​សត្វ​ទាំងនោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close