ថ្ងៃទីពីរហើយ ដែលឥណ្ឌាមានករណីឆ្លងកូវីដ១៩ ក្រោម៣សែននាក់ តែអ្នកស្លាប់កើនឡើង
ចំនួនអ្នកឆ្លងកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌា ធ្លាក់ចុះក្រោម៣សែននាក់ជាថ្ងៃទីពីរហើយ ប៉ុន្តែចំនួនអ្នកស្លាប់វិញនៅតែខ្ពស់ដដែល ដោយមានអ្នកស្លាប់ជាង៤៣០០នាក់ក្នុងមួយថ្ងៃ។ចំណែកករណីឆ្លងថ្មីៗសរុប ២៦៣,៥៣៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៥.២លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧៨,៧១៩នាក់ និងជាសះស្បើយឡើងវិញជិត ២១.៦លាននាក់ ខណៈអ្នកជំងឺ ៣.៣៥លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។
គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌា នៅតែមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៤លានដូស ក្នុងនោះជាង ៤០លាននាក់ ចាក់បានគ្រប់ដូស។ បន្ថែមពីនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មបំផុតផងដែរ ដោយប្រជាជនឥណ្ឌាសរុបជាង ៣១៨លាននាក់ ត្រូវបានធ្វើតេស្តរកជំងឺនេះ នៅក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។