ទីតាំងលក់តាមអនឡាញមួយកន្លែង ក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញ បង្ក្រាបអាល់កុលក្លែងក្លាយជាង ៥ពាន់លីត្រ
ភ្នំពេញ៖ ទីតាំងលក់អាល់កុលតាមអនឡាញ(Online)មួយកន្លែង ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១
បានរកឃើញវត្តមានអាល់កុលក្លែងក្លាយ ឬសារធាតុមេតាណុលចំនួន ១៨៣កាន ស្មើនឹង ៥,៤៩០លីត្រ និងត្រូវបានរឹបអូសយកទៅអនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា អំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ “សហគមន៍២០កុម្ភៈ” អាល់កុលក្លែងក្លាយចំនួន ៤០,៦២៥លីត្រ ប្រមាណជាង ៤០តោនហើយ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បង្ក្រាបជាបន្តបន្ទាប់តាមបណ្តារាជធានី ខេត្តមួយចំនួន។
ទន្ទឹមនឹងនេះ មន្ត្រីអគ្គនាយកដ្ឋាននេះ ក៏បានអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ កុំយកសារធាតុមេតាណុលបន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ។ សកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈមចំពោះច្បាប់ដល់ខ្លួនថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។