ភ្លើងឆាបឆេះព្រៃលិចទឹក ១០០ហិកតា ក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង សង្ស័យមានគេលួចដុត
ខេត្តសៀមរាប៖ លោក គង់ មង្គល ប្រធានសហគមន៍ សមាគមទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ មានអគ្គិភ័យមួយបានកើតឡើងនៅក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង និងបានរាលដាលខ្លាំងឡើងៗ មិនអាចគ្រប់គ្រងបាន បើទោះបីជាមានការជួយអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធក្តី និងយើងបានកាយមុខភ្លើងពី២០ទៅ៣០ម៉ែត្រដែរ តែមិនអាចទប់ជាប់ ព្រោះតែអណ្តាតភ្លើងវាឆាបរាលដល់ទៅជាង១០០ម៉ែត្រឯណោះ ប៉ុន្តែភ្លើងបានរលត់អស់ប្រមាណជា៩០ភាគរយហើយ ដោយសារភ្លៀងកាលពីយប់មិញ ។
លោក គង់ មង្គល បានឲ្យដឹងទៀតថា គិតមកទល់ព្រឹកថ្ងៃទី១៨ ខែឧសភានេះ ភ្លើងបានឆេះព្រៃលិចទឹកអស់ប្រមាណជា១០០ហិកតា ហើយការឆេះព្រៃលិចទឹកនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាបានបង្កឡើងដោយមនុស្ស ដែលពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ ។
គួររំលឹកថា បឹងពារាំង ជាបឹងអភិរក្សត្រីមេពូជដ៏សំខាន់មួយនៅជាប់មាត់បឹងទន្លេសាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ចំនួនបី គឺសង្កាត់ចុងឃ្នៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ហើយបឹងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ សមាគមទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។