គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ សម្រេចបាន ៤៨,៧៧%​ហើយ​!

​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ សប្តាហ៍​កន្លងទៅ ឯកឧត្តម បុ​ង ប៊ុន​ហួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​នាយក​គម្រោង​ផ្លូវជាតិ​លេខ​១០ បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ជំនាញ ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​តាមដាន​វឌ្ឍនភាព​ការងារ​សាងសង់ ដោយមាន​ការចូល រួម​ពី​តំណាង​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ជា​លទ្ធផល ការសាងសង់​ផ្លូវ​នេះ សម្រេចបាន​៤៨,៧៧%​ហើយ គិត​ត្រឹម​ពាក់កណ្តាល ខែឧសភា ឆ្នាំ​២០២១​នេះ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​សាងសង់ កំពុង​បន្តការងារ​សាងសង់​របស់ខ្លួន​យ៉ាង​សស្រាក់សស្រាំ ទោះបី​កម្ពុជា​កំពុង​ជួបប្រទះ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​យ៉ាងណាក៏ដោយ​។​

​សូមបញ្ជាក់ថា ផ្លូវជាតិ​លេខ​១០​មាន​ប្រវែង ១៩៧,៣៦​គីឡូម៉ែត្រ លាតសន្ធឹង​កាត់​ស្រុក​សំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់​ខេត្តកោះកុង ហើយ​ផ្លូវ​នេះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាចជា​ផ្នែក​មួយ​ទាក់ទាញ​អ្នក​ទេសចរណ៍​ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត អាច​គយគន់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ដោយសារ​ផ្លូវ​នេះ​មាន​តំបន់​ធម្មជាតិ​ជាច្រើន ជាពិសេស​ព្រៃឈើ ក្រាស់ៗ​យ៉ាង​ស្រស់ស្អាត​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស បន្ត​យកចិត្តទុកដាក់​លើ​កិច្ចការងារ​សាងសង់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ស្រប តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​ធានា​ការប្រើប្រាស់​បានយូរ​អង្វែង និង​ចូលរួម​អនុវត្ត​ឱ្យបាន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ ទាំងអស់គ្នា​ដើម្បី​បញ្ជៀ​ស​ការឆ្លង​ជម្ងឺ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close