ស្ត្រី​នៃ​កងយោធពល​ខេមរភូមិន្ទ ៤៦៦​នាក់ ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​

​ចាប់ពី​ឆ្នាំ​២០០៦ រហូតមកដល់​បច្ចុប្បន្ន កងយោធពល​ខេមរភូមិន្ទ (RAF/NPMEC) បានដាក់​ពង្រាយ​កងក​ម្លាំ​ង​ថែរក្សា​សន្តិភាព​សរុប​ជាង ៧,៥០០​នាក់ ក្នុងនោះ​មាន​ស្ត្រី ៤៦៦​នាក់ ទៅ​៩​ប្រទេស រួមមាន​៖ ស៊ូដង់ ឆាដ លី​បង់ ស៊ូដង់​ខាងត្បូង សាយ​ប្រឺស ស៊ី​រី ម៉ាលី សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​យេ​ម៉ែន​។​

​បច្ចុប្បន្ន​មាន​កង​រក្សា​សន្តិភាព​កម្ពុជា​ចំនួន ៧៧៩​នាក់ ក្នុងនោះ​ជា​ស្ត្រី​ចំនួន ១០៤​នាក់ កំពុង​ប្រតិបត្តិការ​ចំនួន ៥​ប្រទេស​រួមមាន​៖ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី លី​បង់ និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ ដំបូង តួនាទី​របស់​ស្ត្រី គឺ​ផ្តល់​ការគាំទ្រ​ដល់​ការសម្របសម្រួល រដ្ឋបាល និង​ភស្តុភារ​។

​ក្រោយមកទៀត តួនាទី​របស់​ស្ត្រី​ក្នុង​កងកម្លាំង​រក្សា​សន្តិភាព បាន​កើន​ឡើងជា​បន្តបន្ទាប់​ដោយ​រួមមាន ជា​អ្នកផ្តល់​សេវាកម្ម​ដល់​ប្រតិបត្តិ​ករ​បោសសម្អាត​មីន វេជ្ជបណ្ឌិត អនុ​មេបញ្ជាការ អ្នកសង្កេតការណ៍ ប្រធាន​ក្រុម និង​អនុប្រធាន​ក្រុម​។​ល​។ ការវិវត្តន៍​នេះ ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន​របស់​ប្រទេស​កម្ពុជា ក្នុងការ ជម្រុញ​ការចូលរួម​របស់​ស្ត្រី​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close