WHO ថា វ៉ាក់សាំងប្រឆាំងកូវីដ១៩បំប្លែងខ្លួនថ្មី មានប្រសិទ្ធភាព តែការធ្វើដំណើរអន្តរជាតិ នៅតែគ្មានសុវត្ថិភាព
បរទេស៖ នាយកប្រចាំអឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) លោក ហានស៍ គ្លូក (Hans Kluge) បញ្ជាក់ថា ដំណើររីកចំរើនប្រឆាំងនឹងវីរុស Covid-19 នៅផុយស្រួយនៅឡើយ ហើយការធ្វើដំណើរអន្តរជាតិណាមួយក៏គួរតែជៀសវាងផងដែរ តែលោកបានសង្កត់ធ្ងន់ថា បណ្តាវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអោយប្រើ គឺសុទ្ធតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មី។
លោក ហានស៍ គ្លូក បានថ្លែងក្នុងសន្និសិទសារព័ត៌មានប្រចាំសប្តាហ៍ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា និងអាចចម្លងខ្លាំងជាងវីរុសដើម ឥឡូវត្រូវបានរកឃើញនៅយ៉ាងតិច២៦ប្រទេសក្នុងចំណោម៥៣ប្រទេសនៅតំបន់អឺរ៉ុប ។ តែវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអោយប្រើហើយ មានប្រសិទ្ធភាពប្រឆាំងវីរុសប្រភេទថ្មី… រាល់វីរុសបំប្លែងខ្លួនកន្លងមក បានឆ្លើយតបនឹងវ៉ាក់សាំងដែលមានហើយ ។
ស្របពេលជាមួយគ្នានោះដែរ នាយកប្រចាំអឺរ៉ុបរបស់អង្គការសុខភាពពិភពលោករូបនេះបានបញ្ជាក់បន្ថែមទៀតថា ប្រជាជនតំបន់នេះ (អឺរ៉ុប) តែ២៣ភាគរយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមានតែ១១ភាគរយបានចាក់ដូសទី២ ខណៈដែលលោកបានព្រមានអោយប្រជាជនក្នុងតំបន់បន្តប្រយ័ត្នប្រយែងបន្ថែម ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។