កសិករដាំបន្លែមួយរូប រកចំណូលបានជាង ៥០០០ដុល្លារ ក្នុងមួយឆ្នាំ នៅក្នុងក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគីរី៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ចម្ការបន្លែ លោក ម៉េង ឃាង សង្កាត់ស្ពានមានជ័យ នៅក្រុងសែនមនោរម្យ ដែលកសិករមួយរូប កំពុងដាំការ៉ុត ត្រប់ ត្រសក់ ដោយឡែកដំឡូងបារាំង ស្ពៃក្តោប និងស្ពៃបូកគោ (ទើបតែប្រមូលផលរួច) ដោយទទួលបានការជួយឧបត្ថម្ភពីគម្រោង “ការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE។
លោក ម៉េង ឃាង មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល បាននាំយកជំនាញដាំបន្លែ មកប្រកបរបរនៅខេត្តមណ្ឌលគីរី កាលពីជាង ៦ឆ្នាំមុន។ ហើយគាត់បានរកចំណូលពីបន្លែនេះ បានជាង ៥០០០ដុល្លារ ក្នុងមួយឆ្នាំ ធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររីកចម្រើន និងមានលទ្ធភាពទិញដីសម្រាប់ទុកពង្រីករបរនេះបន្ថែម នាពេលអនាគត។
ជាមួយសមិទ្ធផលដែលលោក ឃាង ទទួលបាននាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសាទរ និងកោតសរសើរចំពោះឆន្ទ:ពុះពារ ប្រកាន់យកអាជីពដាំដុះបន្លែ ដើម្បីជីវភាព ហើយក៏ជាចំណែកមួយក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការនាំចូល។
ទាក់ទងការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានមន្ទីរធ្វើការបញ្ចូលបច្ចេកវិទ្យាថ្មីបន្ថែមទៀត ទាំងប្រព័ន្ធស្រោចស្រព គ្រាប់ពូជ និងជីធម្មជាតិ ធ្វើយ៉ាងណារក្សាបាននូវគុណភាពផលិតផល សុវត្ថិភាពអ្នកបរិភោគ ភាតរបរិស្ថាន និងនិរន្តរភាពសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។