រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អំពាវនាវ​ដល់​ម្ចាស់​ចំការ​ស្វាយ​ទាំងអស់ មានបំណង​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន សូម​មក​ចុះបញ្ជី​នៅ​អគ្គនាយដ្ឋាន​កសិកម្ម

​ភ្នំពេញ​៖ ដោយ​ពិនិត្យឃើញថា មាន​សាធារណជន និង​ម្ចាស់​ចំការ​ស្វាយ​ជាច្រើន បាន​ត្អូញត្អែរ​មក​ខ្ញុំ​ពី​បញ្ហា​កង្វះ​ទីផ្សារ ក្រោយពី​បាន​ពិនិត្យឃើញ​ការនាំចេញ​ស្វាយ​ស្រស់​ពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន ទទួលបាន​ជោគជ័យ នាពេល​ថ្មីៗ​នេះ​។ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​សារជាថ្មី​ម្តងទៀត ជូន​ចំពោះ​សាធារណជន និង​ម្ចាស់​ចំការ​ស្វាយ​ទាំងអស់ ដែលមាន​បំណង​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន និង​ដែល​មិនទាន់​បានមក​ចុះបញ្ជី សូមមេត្តា​មក​ចុះបញ្ជី​នៅ​អគ្គនាយដ្ឋាន​កសិកម្ម​។

​ឯក​ស​ឧ​ត្ត​ម សូមបញ្ជាក់​ជូន​សាធារណជន និង​ម្ចាស់​ចំការ​ស្វាយ​ទាំងអស់ បាន​ជ្រាប​បន្ថែមថា ការតម្រូវ​ឲ្យ​មានការ​ចុះបញ្ជី​ចំការ​ស្វាយ​នេះ គឺជា​លក្ខខណ្ឌ​តម្រូវ​របស់​ប្រទេស​នាំចូល ហើយ​ទន្ទឹមនឹងនេះ ម្ចាស់​ចំការ​ស្វាយ បានទទួល​ចំណេះដឹង​ពី​ការគ្រប់គ្រង​ចំការ​ស្វាយ​ស្របតាម​លក្ខខណ្ឌ​តម្រូវ ជាមួយនិង​ការ​ផ្សារ​ជាមួយ​ក្រុមហ៊ុននាំចេញ តាមរយៈ​ការចុះកិច្ចសន្យា ហើយ​និង​ក្នុងករណី​មានការ​កើតឡើង​មិន​ប្រក្រតី​ណាមួយ​ដែល​កើតចេញពី​ផ្លែស្វាយ​ដែល​បាន​បញ្ជូន​ទៅដល់​ប្រទេស​នាំចូល​ហើយ​នោះ គេ​អាច​នឹង​តាមដាន​មក​មើល​ចំការ​ស្វាយ​វិញ​បាន​ដោយ​ងាយស្រួល ដើម្បី​មាន​វិធានការ ផ្អាក ឬ​បញ្ឈប់​ម្ចាស់​ចំការ​ស្វាយ​នោះ​មិន​ឲ្យ​នាំចេញ​បន្តទៀត​បាន​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​មាន​ក្តី​សង្ឃឹមថា សាធារណជន និង​ម្ចាស់​ចំការ​ស្វាយ​ទាំងអស់ ដែល​មិនទាន់បាន​ចុះបញ្ជី ពុំមាន​ការតវ៉ា​ថា មិន​បានទទួល​ព័ត៌មាន​គ្រប់គ្រាន់ ឬថា​មិន​បានដឹង មក​ខ្ញុំ​បន្ត​ទៀតឡើយ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close