មេសហគមន៍នេសាទឃុំកំពង់រាប ត្រូវពលរដ្ឋប្តឹងរឿងចាប់ត្រីក្នុងតំបន់អភិរក្ស
ពលរដ្ឋរស់នៅភូមិកំពង់ព្រះ នៃឃុំកំពង់រាប ស្រុកព្រៃកប្បាស កាលពីថ្ងៃម្សិលមិញនេះបានប្រមូលផ្តុំគ្នាតវ៉ាក្រោយពីក្រុមអភិរក្សសហគមន៍នេសាទមេពូជត្រីអន្លង់ចិននាំគ្នាហុំពទ្ធ័កៀរសម្រាស់យកត្រីនៅក្នុងអន្លង់អភិរក្ស។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ឆ្មាំដែលជាអ្នកយាមនៅតំបន់អភិរក្សអន្លង់ចិននេះបានប្រមូលបក្ខពួកទៅហ៊ុំយកត្រីដោយពួកគេលើកឡើងថា លោក អុិន ជឿន ប្រធានសហគមន៍នេសាទកំពង់រាបជាអ្នកឲ្យហ៊ុំចាប់ត្រីនៅក្នុងអន្លង់អភិរក្សនោះ។
បើតាមប្រជាពលរដ្ឋបានអោយដឹងថា ក្រុមឆ្មាំខាងលើនេះកន្លងមកតែងតែចាប់ពលរដ្ឋក្រីក្រដែលនេសាទលក្ខណៈគ្រួសារផាកពិន័យ តាមបញ្ជាលោក អុិន ជឿន ប្រធានសហគមន៍នេសាទកំពង់រាប ក្រោយពីពួកគាត់បានចូលទៅនេសាទនៅតំបន់អភិរក្ស តែយ៉ាណា នៅពេលនេះ បែរជាក្រុមឆ្មាំនៅប្រមូលយកត្រីទៅវិញ។
ក្រោយឃើញសកម្មភាពក្រុមឆ្មាំអភិរក្សទាំងនេះប្រព្រឹត្តដូចនេះ ប្រជាពលរដ្ឋក៏លើកគ្នាមកតវ៉ាដើម្បីឲ្យថ្នាក់ដឹកនាំបានដឹងអំពីទង្វើរបស់លោក អុិន ជឿនប្រធានសហគមន៍នេសាទកំពង់រាប ដែលហ៊ានបញ្ជាកូនចៅឲ្យប្រព្រឹត្តល្មើសបែបនេះ ខណៈខ្លួនជាអ្នកអនុវត្តច្បាប់នោះ។
យ៉ាងណាក៏ដោយ ក្រោយប្រជាពលរដ្ឋលើកគ្នាតវ៉ានោះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានបញ្ជាឲ្យលោក កង វន្ថាអភិបាលរងស្រុកដឹកនាំកំលាំងសមត្ថកិច្ចចម្រុះចុះទៅអនុវត្តនិតិវិធីច្បាប់លើក្រុមឆ្មាំយាមតំបន់អភិរក្សមេពូជត្រីអន្លង់ចិនដោយឲ្យដកហូតសម្ភារៈប្រព្រឹត្ត និងនាំខ្លួនឆ្មាំទាំងនោះប្រគល់ឲ្យក្រុមមន្រ្តីជំនាញរដ្ឋបាលជលផលបន្តនិតិវិធីតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។