កម្ពុជានឹង​មាន​ភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី២៦ ដល់២៨ ឧសភា

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២១នេះ​បាន​ឲ្យដឹងថា ប្រព័ន្ធ​សម្ពាធទាប (ITCZ) កំពុងបន្ត​អូស​បន្លាយ​កាត់​នៅ​ប៉ែក​ខាង​លើ​នៃ​តំបន់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ហើយ​ជាមួយ​គ្នា​នោះ ខ្យល់​មូសុង​និរតី​ខ្លាំង​ ក៏​បានបក់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល ពីថ្ងៃទី២៦-២៨ ខែឧសភា នឹងអាច​មាន​ភ្លៀងធ្លាក់រាយប៉ាយ​ក្នុង​កម្រិត​បង្គួរ​ទៅខ្លាំង បន្ទាប់ពីនោះ​នឹង​មាន​ភ្លៀងក្នុង​កម្រិត​ពី​តិច​ទៅបង្គួរ។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន អាច​នឹង​មាន​ភ្លៀងធ្លាក់រាយប៉ាយ​ក្នុង​កម្រិត​ពីបង្គួរ​ទៅខ្លាំង។

ដោយ​ឡែក​តំបន់​មាត់សមុទ្រ​វិញ នឹង​អាច​មាន​ភ្លៀងធ្លាក់ពីមធ្យម​ទៅខ្លាំង ហើយ​នៅ​លើ​ផ្ទៃ​សមុទ្រ​នឹង​អាច​មាន​ភ្លៀងធ្លាក់ខ្លាំង ជាមួយ​នឹង​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ។

ចំពោះស្ថានភាពនេះ ក្រសួងធនធានទឹក និង​ឧតុនិយម ស្នើ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់, ហើយ​សម្រាប់​ប្រជានេសាទ និង​អ្នក​ដំណើរ​សមុទ្រ សូម​បន្ត​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លៀង ខ្យល់បក់ខ្លាំង និង​រលក​សមុទ្រ​ដែល​អាច​មានកម្ពស់១ម៉ែត្រ ទៅ ២,៥ម៉ែត្រ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close