កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង ៥​ម៉ឺន​នាក់ នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​

​ភ្នំពេញ​៖ ក្នុងឱកាស​ថ្ងៃ​ចុង​សប្តាហ៍​ទី​៣ នៃ​ខែឧសភា ចាប់ពី​ថ្ងៃទី​២២-២៣ ខែឧសភា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​សរុប ៥២,៨៩១ នាក់ កើនឡើង ៦.១១% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងទៅ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង ១៣.៧៨%​។



បើតាម​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា រយៈពេល​បួន​សប្តាហ៍ បន្ទាប់ពី​រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​រមណីយដ្ឋាន​ទូទាំងប្រទេស​ឡើងវិញ ភ្ញៀវ​សរុប​មាន​ចំនួន​ប្រមាណ ១៣១,៤៩០​នាក់​។​
​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដែលមាន​សកម្មភាព​ទេចរ​ច្រើនជាងគេ នា​ចុង​សប្តាហ៍​កន្លងមកនេះ រួមមាន​៖
* ខេត្តកំពត​៖ ១០,៩៤២ នាក់​
* ខេត្ត​កែប​៖ ៧,២៥៧ នាក់​
* ខេត្តបាត់ដំបង​៖ ៦,៩៣០ នាក់​
* ខេត្តសៀមរាប​៖ ៦,០៣៣ នាក់​
* ខេត្តកំពង់ស្ពឺ​៖ ៣,៨៩០ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ៣,២១៦ នាក់​
* ខេត្តពោធិ៍សាត់​៖ ២,៧៥៣ នាក់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ការកត់សម្គាល់ថា ចលនា​ភ្ញៀវទេសចរ​នេះ មិនមាន​ការប្រែប្រួល​ខ្លាំង​ទេ​ធៀប​នឹង​សប្តាហ៍​កន្លងមក ពោលគឺ​ភ្ញៀវ​ភាគច្រើន​នៅតែ​ជា​ភ្ញៀវ​ក្នុង​ខេត្ត​នៅឡើយ ហើយ​ភ្ញៀវទេសចរ​ពី​ភ្នំពេញ​នៅ​មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ​។​
​ចំនួន​ភ្ញៀវទេសចរ​ក្នុង​រយៈពេល ៤​សប្តាហ៍​កន្លងមកនេះ ហាក់​មានការ​កើនឡើង​យឺត​នៅឡើយ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មានការ​កើនឡើង​នៅតាម​ខេត្ត​មួយចំនួន ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​នៅ​បន្ត​ប្រយ័ត្នប្រយែង​ខ្លាំង ក្នុងការ​បើកទទួល​ភ្ញៀវ​ទេសចរ​នៅតាម​គោលដៅ​មួយចំនួន៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close