នៅ​ថ្ងៃទី​២៦ ខែឧសភា ឥណ្ឌា​នឹង​បន្ត​រង​ការវាយប្រហារ​ដោយ​ព្យុះ​ថ្មី​មួយទៀត​

​ឥណ្ឌា​ទើបតែ​ទទួលរង​ការវាយប្រហារ​ដោយ​ព្យុះ​ពីរ​ផ្សេងគ្នា កន្លងមក​ថ្មី ក្នុងពេលដែល​ប្រទេស​នេះ​កំពុងតែ​ខិតខំ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ។ នៅពេលនេះ​ឥណ្ឌា​បាន​ត្រៀមលក្ខណៈ​ទប់ទល់​និង​ព្យុះ​ថ្មី​មួយទៀត​ដែល​អាច​ចូលដល់​ទឹកដី​ឥណ្ឌា​ភាគ​ខាងកើត​នា​ថ្ងៃទី​២៦​ខែឧសភា ។​

​អាជ្ញាធរ​ឧតុនិយម​ឥណ្ឌា បាន​ឲ្យ​ដឹងថា យោងតាម​ការ​ព្យាករ ព្យុះ​ស៉ី​ក្លូន Yaas នឹង​មក​បោកបក់​មកដល់​ឆ្នេរ​រដ្ឋ Odisha និង​រដ្ឋ West Bengal ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា នៅ​ខ្ទង់​វេលា​ទាបភ្លឺ ឬ​ព្រឹក​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ហើយនឹង​បន្តធ្វើ​ដំណើរ​ជ្រៅ​ឆ្ពោះ​ទៅខាង​ភាគ​ខាងជើង កាត់​រដ្ឋ​ទាំងពីរ​នៅ​ខ្ទង់​វេលា​រសៀល​ថ្ងៃ​ដដែល ក្នុង​ទម្រង់​ជា​ព្យុះ​ស៉ី​ក្លូន​ដែលមាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​មួយ​។​

​ត្រៀម​សម្រាប់​ការមកដល់​នៃ​ព្យុះ​ស៉ី​ក្លូន​ថ្មី​នេះ អាជ្ញាធរ​ឥណ្ឌា បានចេញ​ចំណាត់ការ​ចាំបាច់​ផ្សេងៗ​រួចជាស្រេច រួមមាន​ជម្លៀស​ប្រជាជន រៀបចំ​កន្លែង​ជ្រកកោន​បណ្តោះអាសន្ន ផ្អាក​សេវា​ដឹកជញ្ជូន​សាធារណៈ និង​ហាម​មិនមាន​ការចេញ​នេសាទ ជា​បណ្តោះអាស្ន​ន ជាដើម​។​

​គួរ​បញ្ជាក់ថា កាល​ពីមួយ​សប្តាហ៍​មុន ព្យុះ​ស៉ី​ក្លូន​កំណាច​ឈ្មោះថា Tauktae បាន​បង្ក​ការបំផ្លិចបំផ្លាញ និង​ផ្តាច់ជីវិត​មនុស្ស​ជាច្រើន​នាក់ នៅតាម​រដ្ឋ​បណ្តោយ​ឆ្នេរ​ភាគ​ខាងលិច នៃ​ប្រទេស​ឥណ្ឌា​។ កំលុង​ពេលនោះ សា​ឡង់​មួយគ្រឿង​ដឹក​មនុស្ស​ខ្ទង់រយ​នាក់ ក៏បាន​លិច​ផងដែរ ដោយ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ សាកសព​មនុស្ស​កើន​ដល់​៧០​នាក់ ត្រូវបាន​រកឃើញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close