អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរទាំងអស់
ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជៈដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជ្រាបថា កន្លងមក រដ្ឋបាលខេត្តកំពង់ស្ពឺបានសង្កេតឃើញថា មានការតម្លើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ ជាច្រើននៅតាម បណ្ដោយចិញ្ចើមផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមថ្លែងនូវការកោតសសើរ ចំពោះការចូលរួមសហការពីបណ្ដាម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជៈដ្ឋានមួយចំនួនក្នុងការរុះរើជាបន្តបន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ។
ដើម្បីមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើកកម្ពស់សេចក្តីថ្លៃថ្នូ និងរក្សាបានសោភ័ណ្ឌភាព នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តសូមស្នើឱ្យ លោក -លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយ ស្រាបៀទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅខាងមុខហាង ឬ ជាយីហោហាងគ្រប់ ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈដែលច្បាប់បានកំណត់ ត្រូវរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់នីតិវិធីរដ្ឋបាល រុះរើ ដោយបន្ទុកចំណាយ និង រាល់ការខូចខាត គ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។