ប្រាសាទអង្គរវត្ត​រប​ស់​កម្ពុជា ចាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក សម្រាប់​ឆ្នាំ​២០១៨​នេះ​

ប្រាសាទអង្គរវត្ត​រប​ស់​ប្រទេស​កម្ពុជា ត្រូវបាន​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) បានសម្រេច​ផ្តល់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត ក្នុងចំណោម​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​ល្បីៗ​ក្នុង​ពិភពលោក​ចំនួន​២៥​ផ្សេងទៀត សម្រាប់​ឆ្នាំ​២០១៨​នេះ​។​

​យោងតាម​ការប្រកាសរ​បស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ការផ្តល់​ចំណាត់ថ្នាក់​នេះ បានធ្វើ​ឲ្យ​អង្គរវត្ត​របស់​កម្ពុជា ទទួលបាន​ចំណាត់​លេខ​១​ជាប់ៗ​គ្នា​រយៈពេល​៥​ឆ្នាំ ពី​គេហទំព័រ​ល្បីៗ​ក្នុង​ពិភពលោក ដូចជា​នៅ​ឆ្នាំ​២០១៤ អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅលើ​គេហទំព័រ ArchaeoMadness ជា​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទាញ​បំផុត​លើ​ពិភពលោក​, នៅ​ដើមឆ្នាំ​២០១៥ អង្គរវត្ត​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ពី​គេហទំព័រ TripAdvisor ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​, នៅ​ឆ្នាំ​២០១៦ អង្គរវត្ត ជាប់​លេខ​១​បន្ថែមទៀត លើ​គេហទំព័រ Lonely Planet ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ដ៏​ល្បីល្បាញ​បំផុត​លើ​ពិភពលោក ហើយ​នៅ​ឆ្នាំ​២០១៧ និង​២០១៨​នេះ គេហទំព័រ TripAdvisor ក៏បានផ្តល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត​កម្ពុជា ក្នុងឋានៈ​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​។​

ជាមួយនឹង​មោទនភាព​នេះ ក្រសួងទេសចរណ៍ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​អាជ្ញាធរ​ខេត្តសៀមរាប និង TripAdvisor គ្រោង​ធ្វើ​ពិធី​ទទួល​ពានរង្វាន់​នៅ​ទីតាំង​ខាងមុខ​បរិវេណ​ប្រាសាទអង្គរវត្ត​នា​ព្រឹក​ថ្ងៃទី​៩ សីហា ហើយនឹង​ធ្វើ​ពិធី​រាំលេង​សប្បាយ​ជាមួយ​ការប្រគុំ​តន្ត្រី​នៅ​តំបន់ Pub Street នាពេល​រាត្រី​ថ្ងៃទី​៩ សីហា ដដែល​នោះ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close