ច្បាស់ហើយ ក្រុមហ៊ុនលើកស្លាកយីហោ TESLA នៅកម្ពុជា មិនទាន់បានចុះ​បញ្ជី​នៅ​ក្រសួងពាណិជ្ជកម្មទេ

នារសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញដឹកនាំដោយ លោក លី គង់ អនុប្រធានមន្ទីរ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរសង្កាត់កាកាបទី១ បានចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុនដែល​មានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយការចុះពិនិត្យនេះ ឃើញថា ក្រុមហ៊ុន​នោះ​មិនទាន់បានចុះបញ្ជីពាណិជ្ជកម្ម និង​ម៉ាក​រថយន្ត​របស់​ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម​នៅ​ឡើយទេ ហើយ​ក្រុមមន្រ្តីក៏បានណែនាំ​ឲ្យ​ក្រុមហ៊ុន​ទៅធ្វើការចុះបញ្ជី និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញផងដែរ។

គួរ​បញ្ជាក់ដែរថា ផ្លាកយីហោ TESLA ដែលគេ​ដឹងថា គឺជា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ដ៏​ល្បីល្បាញ​មាន​មូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ ត្រូវ​គេ​លើក​កាលពីអំឡុងខែមីនាដើមឆ្នាំនេះ ដែលធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​យ៉ាងខ្លាំងពីមហាជនដែលធ្វើដំណើរ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ដោយ​គេ​គិតថា ក្រុមហ៊ុនខ្នាតពិភពលោកមួយនេះបើកហាង​របស់ខ្លួន​នៅ​ប្រទេសកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close