មនុស្ស១០នាក់ស្លាប់ដោយសារពុលស្រានៅស្រុកកំពង់ត្រាច ខេត្តកំពត
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ត្រឹមរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា មានមនុស្សចំនួន១០នាក់ រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានស្លាប់ជាបន្តបន្ទាប់ដោយគេសង្ស័យថា ជាករណីពុលស្រា។
យ៉ាងណាក៏ដោយ ក្រោយពីយកសំណាកស្រាពីទីតាំងផលិត និងលក់ស្រាចំនួន៩នៅក្នុងស្រុកនេះយកទៅពិនិត្យឃើញថា ស្រាទាំងនោះមានជាតិមេតាណុលលើសកម្រិត ដែលធ្វើឲ្យពុល។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ករណីពុលស្រាបណ្តាលឲ្យមនុស្សស្លាប់ គេឃើញកើតមានជាបន្តបន្ទាប់ ដូចជាករណីនៅស្រុកល្វាឯម ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងជាដើម។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំពិសាស្រាដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ, ហើយចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រា ស ដែលបង្កឲ្យពុល និងស្លាប់បាត់បង់ជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។