៥​ខែ ឆ្នាំនេះ​! កម្ពុជា នាំចូល​ជ្រូក​សាច់​ជាង ៤៥​ម៉ឺន​ក្បាល ពី​ប្រទេស​ថៃ​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា រយៈពេល​៥​ខែ ឆ្នាំ​២០២១​នេះ កម្ពុជា បាន​នាំចូល​ជ្រូក​សាច់​ពី​ប្រទេស​ថៃ ប្រមាណ​ជាង ៤៥​ម៉ឺន ៥​ពាន់​ក្បាល ដើម្បី​ឆ្លើយតប​តម្រូវការ​ក្នុងស្រុក​ដែល​។​

​របាយការណ៍​នេះ បង្ហាញ​ទៀតថា បាន​នាំចូល​ជ្រូក​ពូជ (​មេ​-​បា​) ប្រមាណ​ជាង ១​ម៉ឺន ២​ពាន់​ក្បាល និង​កូនជ្រូក​ពូជ​ជាង ៥​ម៉ឺន ៨​ពាន់​ក្បាល​ផងដែរ​។ ក្រៅពី​នាំចូល​ជ្រូក​រស់ កម្ពុជា ក៏បាន​នាំចូល​សាច់ជ្រូក​ពី​ប្រទេសជិតខាង​មក​ដែរ ដែលមាន​ទម្ងន់​ប្រមាណ ១៣០​តោន ក្នុង​ចន្លោះ​ពី​ខែមករា ដល់​ខែឧសភា ឆ្នាំនេះ​។ ចំណែក​ការនាំ​ចូល​ជ្រូក​ឆ្លងកាត់​ប្រទេស​កម្ពុជា មាន​ប្រមាណ​ជាង ៥​ម៉ឺន​ក្បាល​ផងដែរ​។​

​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា បានអនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក​រស់​តែ​ពី​ប្រទេស​ថៃ​ប៉ុណ្ណោះ ខណៈ​ប្រទេស​វៀតណាម ត្រូវបាន​ផ្អាក​ការនាំ​ចូលចាប់​តាំងពី​ឆ្នាំ​២០១៩ មក​ម្លេះ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅតាម​បណ្តា​កសិដ្ឋាន​ជាច្រើន នៅក្នុង​ប្រទេស​នេះ ដែល​បង្កក្តី​បារម្ភ​ពី​ការឆ្លង​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជូនដំណឹង​ទៅ​អាជ្ញាធរខេត្ត ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ព្រំដែន​របស់​ប្រទេស​វៀតណាម កុំ​ឲ្យ​នាំចូល​សត្វ​ជ្រូក​ចូលមក​កម្ពុជា ខណៈ​នៅ​ដើមខែ​ឧសភា​នេះ ប្រទេស​វៀតណាម បាន​ផ្ទុះ​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្វ្រិក​ជាថ្មីទៀត ដែលមាន​ការឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​។​

​ប្រភព​ដដែល បានបញ្ជាក់​ផងដែរ​ថា ផលិតកម្ម​ចិញ្ចឹម​ជ្រូក​របស់​កម្ពុជា បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​អំឡុង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ផ្អែក​របាយការណ៍​ក្រសួងកសិកម្ម នៅ​ឆ្នាំ​២០២០ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា មាន​ចំនួន ៥៤៧​កន្លែង និង​មាន​សត្វ​ក្នុង​ស្តុក​ចំនួន ១,៣៣​លាន​ក្បាល កើនឡើង ១៥,៩០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។

​ដោយឡែក នៅក្នុង​១​ថ្ងៃ អ្នក​ចិញ្ចឹម​ក្នុងស្រុក​អាច​ផ្គត់ផ្គង់​ជ្រូក​សាច់ មាន​ចន្លោះ​ពី ៤​ពាន់​ក្បាល ទៅ ៦​ពាន់​ក្បាល រីឯ​តម្លៃ​សាច់ជ្រូក​ដែល​លក់​ចេញពី​កសិដ្ឋាន​ផ្ទាល់ មានតម្លៃ​ពី ១​ម៉ឺន ៣​ពាន់ ទៅ ១​ម៉ឺន ៤​ពាន់​រៀល និង​ជ្រូក​រស់​ដែល​កសិករ​លក់​ចេញ​ជា​មធ្យម​តម្លៃ ២០០​ដុល្លារ ក្នុង ១​ក្បាល​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជា បាន​នាំចូល​ជ្រូក​សាច់ (​ជ្រូក​រស់​) ប្រមាណ ១,៦៧​លាន​ក្បាល បាន​កើនឡើង​ប្រមាណ ១៩៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close