អាជ្ញាធរខេត្តសៀមរាបចុះរុះរើសំណង់ពលរដ្ឋ៩គ្រួសារ ដែលប៉ះពាល់ដល់ការស្ថាបនាផ្លូវថ្មីក្នុងក្រុងសៀមរាប

សៀមរាប៖ នាថ្ងៃទី២៦ ខែឧសភានេះ សមត្ថកិច្ចចម្រុះ និងក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក លី សំរិទ្ធ អភិបាលរងខេត្ត បានចុះទៅធ្វើការរុះរើសំណង់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៩គ្រួសារ ស្ថិតនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមិនព្រមទទួលយកការដោះដូររបស់អាជ្ញាធរ ខណៈដែលផ្ទះរបស់ពួកគាត់សង់នៅលើប្រឡាយដែលប៉ះពាល់ដល់ការស្ថាបនាផ្លូវ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប។

បើតាមការបញ្ជាក់របស់ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបថា តាមពិតទីតាំងនោះ គឺមានផ្ទះបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១៩គ្រួសារ ដែលបានសង់នៅលើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ដោយចំណុចនេះ នឹងត្រូវធ្វើការរៀបចំជាសួនច្បារ និង កន្លែងបងប្អូនដើរកម្សាន្ត និង ហាត់ប្រាណ ដែលជាគោលដៅប្រែក្លាយក្រុងសៀមរាបជាក្រុងវ៉ៃឆ្លាត ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
ក្រោយពីមានការសម្របសម្រួលពីរដ្ឋបាលខេត្តសៀមរាប បងប្អូនប្រជាពលរដ្ឋចំនួន១០គ្រួសារបានចូលរួមចាប់ឆ្នោតទទួលយកប្លង់ដីថ្មី ស្ថិតនៅភូមិអភិវឌ្ឍ រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងរុះរើផ្ទះសម្បែងរបស់ខ្លួនដោយស្ម័គ្រចិត្ត ចេញពីគម្រោងស្ថាបនាផ្លូវភ្លោះនោះ ដោយនៅសល់ពលរដ្ឋចំនួន៩គ្រួសារទៀតមិនព្រមរុះរើ។

យ៉ាងណាក៏ដោយ អាជ្ញាធរបានប្រើយន្តការណ៍សម្របសម្រួលអស់ប្រមាណជាង៣ខែទៅហើយ ទើបនៅថ្ងៃនេះ ក៏ឈានដល់ការរៀបចំកម្លាំងចុះមកធ្វើការរុះរើសំណង់ដែលធ្វើឲ្យរាំងស្ទះដល់កិច្ចដំណើរការស្ថាបនាផ្លូវនេះ។
បន្ទាប់ពីកម្លាំងចម្រុះរបស់រដ្ឋបាលខេត្តរដ្ឋបាលខេត្តសៀមរាប ចុះទៅអនុវត្តការរុះរើ គេឃើញបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ចំនួន៩ខ្នងផ្ទះនោះ បានស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកប្លង់ដីថ្មី ដែលអាជ្ញាធរបានរៀបចំឲ្យនៅស្រុកបន្ទាយស្រីនោះដោយសន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។