ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន សម្រេចបានជាង ៣ពាន់លានដុល្លារ ៤ខែ ដើមឆ្នាំនេះ!

ភ្នំពេញ៖ រយៈពេល៤ខែ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ជាង៣ពាន់លានដុល្លារ កើនឡើងជិត២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍ ដែលទទួលបានកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ៤ខែ ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានចំនួន៣,០០៤,៣៧១,៩៧៨ដុល្លារ កើនជិត២០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន២,៥០៨,៩០៦,៤០៥ដុល្លារ។
ខណៈការនាំចេញទំនិញ របស់កម្ពុជា ទៅកាន់ប្រទេសចិន នៅរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ ក្នុងទំហំទឹកប្រាក់សរុប ចំនួន៤២៣,៩៦០,៤១៧ដុល្លារ កើនឡើងជាង៤២% និងការនាំចូលទំនិញ ពីប្រទេសចិនវិញ ក្នុងទំហំទឹកប្រាក់សរុប ចំនួន២,៥៨០,៤១១,៥៦០ដុល្លារ កើនឡើងជាង១៦%។
គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ៨,១១៨.០៧លានដុល្លារអាមេរិក កើនឡើង៥.២ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៥៦៣.៣១លានដុល្លារ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។