អាជ្ញាធរខេត្តសៀមរាប សម្រេចបិទផ្សារក្រឡាញ់ បណ្តោះអាសន្ន ក្រោយរកឃើញអ្នកកើតជំងឺកូវីដ
ខេត្តសៀមរាប៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបិទខ្ទប់ការចេញ-ចូលជាបណ្ដោះអាសន្ន នូវផ្សារក្រឡាញ់ នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែឧសភា នេះតទៅ ដោយសាររកឃើញមានអ្នកជំងឺកូវីដ-១៩ម្នាក់។
រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ ចាន់ តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានមកដល់ទីរួមស្រុកក្រឡាញ់ ព្រមទាំងបានចេញ-ចូល និងមានទំនាក់ទំនងជាមួយអាជីវករមួយចំនួន ក្នុងផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករផ្សារក្រឡាញ់ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាននេះ និងអ្នកធ្លាប់បានចេញ-ចូលផ្សារក្រឡាញ់ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។